ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២២នេះ បានអនុញ្ញាតឱ្យលោក Stenfan Anton Messerer ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបជូនសារតាំង និងពិភាក្សាការងារមួយចំនួន នៅវិមានព្រឹទ្ធសភា។
ថ្លែងនៅក្នុងឱកាសនោះ លោកStenfan Anton Messerer បានសម្តែងនូវការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងប្រទេសកម្ពុជា និងអាល្លីម៉ង់ ហើយលោកក៏បានវាយតម្លៃខ្ពស់ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សរបស់ប្រទេសកម្ពុជាផងដែរ។
លោកទូត បានលើកឡើងទៀតថា តាមរយៈបេសកកម្មការទូតរបស់លោក នៅព្រះរាជាណាចក្រកម្ពុជា លោកនឹងខិតខំរួមចំណែកពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រពៃរវាងរដ្ឋាភិបាល ប្រជាជន និងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមទៀត។
ថ្លែងនៅក្នុងកិច្ចជំនួបនោះដែរ សម្តេចប្រមុខរដ្ឋស្តីទីបានកត់សម្គាល់ដោយសេចក្តីរីករាយចំពោះទំនាក់ទំនង ចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជន និងប្រទេសទាំងពីរ ដែលមានការរីកចម្រើនជាបន្តបន្ទាប់។ សម្តេច មានជំនឿជឿជាក់ថា ក្នុងឋានៈលោកជាឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា លោកនឹងបន្តខិតខំថែរក្សាប្រពៃណីដ៏ល្អនៃចំណងមិត្តភាព និងសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ ដែលមានទំនាក់ទំនងជាយូរលង់ណាស់មកហើយឱ្យកាន់តែល្អប្រសើរឡើងថែមទៀត។
ក្នុងនាមប្រជាជនកម្ពុជា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអាល្លឺម៉ង់ ដែលបានផ្តល់ជំនួយអភិវឌ្ឍន៍ដល់កម្ពុជាលើវិស័យអប់រំ .សុខាភិបាល .បោសសម្អាតមីន .សាលាក្តីខ្មែរក្រហម .អភិបាលកិច្ច និងអភិវឌ្ឍន៍វិស័យថាមពលនៅជនបទជាដើម។
សម្តេចប្រមុខរដ្ឋស្តីទីក៏ បានគូសបញ្ជាក់ផងដែរថា ព្រឹទ្ធសភារដ្ឋសភា រាជរដ្ឋាភិបាល ក្រសួងស្ថាប័នជាតិនៃព្រះរាជាណាចក្រកម្ពុជាត្រៀមខ្លួនជានិច្ច ដើម្បីធ្វើកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយនឹងឯកឧត្តមក៏ដូចជាស្ថានទូតអាល្លឺម៉ង់ប្រចាំនៅព្រះរាជាណាចក្រកម្ពុជាដើម្បីរួមចំណែកពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការនាំមកនូវផលប្រយោជន៍ទៅវិញទៅមកជូនប្រជាជន និងប្រទេសទាំងពីរ៕ អត្ថបទ៖ បាន ចក់






