កោះកុង៖ សាខាកាកបាទក្រហមកម្ពុជាក្រុងខេមរភូមិន្ទចុះជួបសំណេះសំណាលសួរសុខទុក្ខ និងផ្តល់ស្បៀងអាហារជូនប្រជាពលរដ្ឋក្រីក្រ ចាស់ជរា ជនពិការ និងស្រ្តីទើបសម្រាលក្រីក្រ សរុបចំនួន៣១គ្រួសារ នៅទីស្នាក់ការអនុសាខាកាកបាទក្រហមកម្ពុជាក្រុងខេមរភូមិន្ទ កាលពីរសៀលថ្ងៃទី៦ ខែកញ្ញា។
ក្នុងឱកាសនោះ លោក ឈេង សុវណ្ណដា ប្រធានគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាក្រុងខេមរភូមិន្ទ លើកឡើងថា រាល់ការជំនឿអ្វីមួយសុំឱ្យមានព័ត៌មាន ហេតុផលច្បាស់លាស់ និងការគិតពិចារណាប្រកបដោយភាពត្រឹមត្រូវ ដូច្នេះការបំផុសចលនាថាមានទឹកលិចលង់ភពផែនដីរបស់លោក ខឹម វាសនា ដើម្បីឱ្យពលរដ្ឋទៅចម្ការក្បែរភ្នំគូលែន វាជារឿងមួយគ្មានអ្វីចំណេញនោះទេ។
លោក បានបញ្ជាក់ទៀតថា ប្រសិនបើពលរដ្ឋជឿទៅការឃោសនារបស់លោក ខឹម វាសនា មានតែការខាតបាត់ពេលវេលា ប្រាក់កាក់ទ្រព្យសម្បត្តិ និងបែកបាក់គ្រួសារ សម្រាប់សង្គមពលរដ្ឋខ្មែរទូទៅ។ អ្វីដែលពលរដ្ឋ ត្រូវគិតគូរបង្កើនការប្រុងប្រយ័ត្នអំឡុងរដូវវស្សានេះ ថែទាំសុខភាពឱ្យល្អ ចូលរួមទៅចាក់វ៉ាក់សាំងបង្ការការពារជំងឺកូវីដ១៩។
គួររម្លឹកដែរថា ឃោសនារបស់លោកខឹមវាសនា ថាមានលិចលង់ភពផែនដី ដោយអះអាងថា មានតែចំការម្រេចរបស់លោកនៅជិតភ្នំគូលែនទេ ដែលអាចឲ្យពលរដ្ឋចៀសផុតពីសេចក្តីស្លាប់បាន។ ការលើកឡើងរបស់លោកខឹមវាសនា នៅក្នុងបណ្ដាញសង្គមហ្វេសប៊ុក បែបនេះបានធ្វើឲ្យពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស នាំគ្នាសម្រុកមករស់នៅក្នុងចម្ការម្រេចលោក ខឹម វាសនា ប្រមាណជិត ២ម៉ឺននាក់ ហើយបច្ចុប្បន្ននេះពលរដ្ឋបានយល់ព្រមចាកចេញទៅវិញជិតអស់ហើយ នៅសល់តែជាងមួយពាន់នាក់តែប៉ុណ្ណោះ ដែលនៅក្រាញននៀលមិនព្រមចាកចេញ។
លោក ឈេង សុវណ្ណដា ក៏សំណូមពរដល់ពលរដ្ឋយកចិត្តទុកដាក់បញ្ហាគ្រោះអគ្គិភ័យ ព្រោះកន្លងទៅថ្មីៗមានករណីឆាបផ្ទះពលរដ្ឋមួយកន្លែងនៅសង្កាត់ដងទង់បណ្តាលឱ្យខូចខាតទ្រព្យសម្បត្តិមួយចំនួន ដោយសារការឆ្លងចរន្តអគ្គិសនី ឬការថ្វីប្រហែសដុតធូបទានជាដើម។ កុំចេញទូកនេសាទ អំឡុងពេលមានព្យុះភ្លៀងដូចម៉ោងនេះ៕អត្ថបទ៖ ឈឹម មករា




