ចិន៖ ក្រុមអ្នកជួយសង្គ្រោះរបស់ប្រទេសចិនបានធ្វើការ នៅក្នុងទីតាំងប្រកបដោយគ្រោះថ្នាក់កាលពីថ្ងៃអង្គារ ដើម្បីជួយជម្លៀសពលរដ្ឋជាង ១១,០០០នាក់បន្ទាប់ពីរញ្ជួយដីកម្រិត 6.8រិចទ័របានវាយប្រហារខេត្ត Sichuan ភាគនិរតីនៃតំបន់ភ្នំរបស់ប្រទេសចិន បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់ ៧៤នាក់ស្លាប់។

សារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា ចំនួនអ្នកស្លាប់ដោយសារការរញ្ជួយដីខ្លាំងបំផុតដែលបានវាយប្រហារខេត្ត Sichuan ភាគនិរតីប្រទេសចិនបានកើនឡើងដល់ ៧៤នាក់គិតត្រឹមយប់ថ្ងៃអង្គារ ខណៈមនុស្ស ២៥៩នាក់ផ្សេងទៀតបានរងរបួស និង ២៦នាក់កំពុងបាត់ខ្លួននៅឡើយ។ រូបភាពវីដេអូប្រព័ន្ធផ្សព្វផ្សាយរដ្ឋដែលថតបាននៅចំណុចកណ្តាលនៃតំបន់ Luding ខេត្ត Sichuan បានបង្ហាញឲ្យឃើញក្រុមអ្នកជួយសង្គ្រោះបានជួយអ្នករងរបួសឆ្លងកាត់ស្ពានបណ្តោះអាសន្ន ដែលសាងសង់ដោយយកដើមឈើធ្វើជាស្ពានដើរឆ្លងកាត់ ខណៈទឹកហូរនាំដីល្បាប់នៅខាងក្រោមស្ពាន។

ពលរដ្ឋជម្លៀសខ្លួនដែលអាចដើរបាន បានធ្វើដំណើរតាមផ្លូវលំនៅតាមបណ្តោយដងទន្លេមានជម្រាលភ្នំ និងមានដីបាក់ធ្លាក់ដោយគ្រោះរញ្ជួយដី។ វីដេអូពីប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានបង្ហាញថា ពលរដ្ឋមួយចំនួនកំពុងកាន់របស់របរយកទៅជាមួយ។ ខណៈក្រុមអ្នកជួយសង្គ្រោះបានព្យាយាមចូលទៅដល់មនុស្សដែលជាប់គាំង ដោយមានឧបករណ៍ប្រើប្រាស់ និងបញ្ជូនជំនួយសង្គ្រោះបន្ទាន់ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបានរាយការណ៍ថា មនុស្ស ១១,០០០នាក់ត្រូវបានជម្លៀសចេញពីតំបន់នេះ។ អាជ្ញាធរបានកំណត់អត្តសញ្ញាណគ្រោះថ្នាក់ភូមិសាស្ត្រប្រមាណ ៥០០កន្លែង ដែលបានកំណត់យោងទៅតាមការបាក់ដី និងផ្លូវតំបន់ភ្នំដែលបាក់៕
អត្ថបទ៖ ប៊ុនថន