ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា ចាប់ផ្តើមដាក់ដេញថ្លៃមូលបត្ររដ្ឋសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ នៅថ្ងៃពុធទី០៧ ខែកញ្ញានេះ ក្នុងទំហំទឹកប្រាក់១០០ប៊ីលានរៀល ឬប្រមាណ ២៥ លានដុល្លារអាម៉េរិក នៃទំហំប្រមាណ៣០០ លានដុល្លារ ដែលបានគ្រោងទុកសម្រាប់ឆ្នាំ២០២២នេះ។
ធនាគារជាតិនៃកម្ពុជា បានបោះផ្សាយមូលបត្ររដ្ឋនេះ ដោយដាក់ដេញថ្លៃតាមរយៈ ផ្លែតហ្វមរបស់ ធនាគារជាតិនៃកម្ពុជា ដែលហៅកាត់ថា NBCP ចាប់ពីម៉ោង៨ព្រឹក ដល់២រសៀល។
មូលបត្ររដ្ឋ ដែលជាប្រភេទបណ្ណបំណុល មានតម្លៃចារឹត ១លានរៀល (ឬសមូលនឹង២៥០ដុល្លារ) ក្នុងមួយបណ្ណហើយ វិនិយោគិន ដែលទិញមូលបត្រនេះ នឹងទទួលបានអត្រាការប្រាក់ ២ ភាគរយថេរក្នុងមួយឆ្នាំ ដោយរដ្ឋទូទាត់ឱ្យក្នុងរយៈពេល៦ខែម្តង។
លោកបណ្ឌិត អ៊ិន ចាន់នី នាយកប្រតិបត្តិធនាគារអេស៊ីលីដា ភីអិលស៊ី បានថ្លែងនូវការគាំទ្រ ចំពោះការចាប់ផ្តើមបោះផ្សាយលក់មូលបត្របំណុលរបស់រដ្ឋ ដែលបង្កើតនូវទំនុកចិត្តខ្ពស់ និងគ្មានហានិភ័យសម្រាប់អ្នកចូលរួម ជាពិសេសការបោះលក់មូលបត្ររដ្ឋ នឹងកៀរគរធនធាននៅក្នុងស្រុក សម្រាប់ការអភិវឌ្ឍនៅលើហេដ្ឋរចនាសម្ព័ន្ធផ្សេងៗ និងបានកាត់បន្ថយដល់សន្និបំណុលរបស់រាជរដ្ឋាភិបាល។
ចំណែក ឯកឧត្តម ហុង សុហួរ អគ្គនាយកនៃក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា លើកឡើងថា នេះគឺជាឧបករណ៍ហិរញ្ញវត្ថុមួយ ដែលប្រទេសមានការរីកចម្រើនកំពុងអនុវត្ត ព្រោះឧបករណ៍ហិរញ្ញវត្ថុបែបនេះ មានគុណភាពខ្ពស់ និងមានហានិភ័យទាប ហើយបានកំពុងឈានមកដល់ទីផ្សាររបស់កម្ពុជាផងដែរ ។
ឯកឧត្តម រំពឹងថា វិនិយោគិនជាស្ថាប័នរបស់រដ្ឋដូចជា ក្រុមហ៊ុនធានារ៉ាប់រង និងក្រុមហ៊ុនបេឡាសន្តិសុខសង្គមជាដើម ក៏ដូចជាក្រុមហ៊ុនជាស្ថាប័ននៅបរទេស អាចនឹងរកឱកាសវិនិយោគនៅក្នុងទីផ្សាកម្ពុជា ។
ឯកឧត្តម បន្តថា តាមរយៈទីផ្សារមូលបត្ររដ្ឋនេះ វិនិយោគិនបរទេសអាចចាប់អារម្មណ៍លើមូលបត្ររដ្ឋនេះ ដែលកម្ពុជារំពឹងថា នៅក្នុងរយៈពេលខាងមុខ កម្ពុជានឹងអាចស្រូបយកវិនិយោគិនធំៗពីក្រៅស្រុក បានជាបន្តបន្ទាប់។
សូមបញ្ជាក់ថា ទាក់ទងការបោះផ្សាយមូលបត្ររដ្ឋនេះ រាជរដ្ឋាភិបាលបានកំណត់ការបោះផ្សាយមូលបត្ររដ្ឋ ក្នុងទំហំ ០,៩៨% នៃ ផ.ស.ស ដែលកំណត់ដោយច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ ២០២២ ស្មើនឹង ១,២ ទ្រីលានរៀល សមមូលនឹងប្រមាណ ៣០០លានដុល្លារអាមេរិក៕
អត្ថបទ៖ សុន រ៉ាឌី
