បាល់ទាត់៖ ក្រុមញញួរធំ West Ham បានបន្តក្តីសង្ឃឹមបង្ហាញខ្លួននៅក្របខណ្ឌអឺរ៉ុបរដូវកាលក្រោយ បន្ទាប់ពីជ័យជំនះដ៏មានសារសំខាន់នៅទឹកដី Wolverhampton ៣-២ យប់មិញ។ West Ham បាននាំមុខក្រុមម្ចាស់ផ្ទះដល់ទៅ ៣គ្រាប់មុនក្នុងវគ្គទី១ ដោយ Jesse Lingard នាទីទី៦ Pablo Fornals នាទីទី១៤ និង Jarrod Bowen នាទីទី៣៨ ក្រុមម្ចាស់ផ្ទះ Wolves ក៏ព្យាយាមតាមពីក្រោយវិញ ២គ្រាប់នៅនាទីទី៤៤ ដោយ Leander Dendoncker និងនាទីទី៦៨ ដោយ Fabio Silva។

យ៉ាងណាក្តីវេលាដែលនៅសល់ ក្រុមរបស់លោក David Moyes រក្សាការនាំមុខនេះដល់ចប់ការប្រកួត។ ជ័យជំនះនេះធ្វើអោយ West Ham ទទួលបាន ៣ពិន្ទុដ៏មានសារសំខាន់ដើម្បីឡើងមកឈរលេខ៤ ក្នុងតារាងមាន ៥២ពិន្ទុក្រោយលេងបាន ៣០ប្រកួតដេញពីក្រោយក្រុមលេខ៣ Leicester City ៤ពិន្ទុ និងពីលើក្រុមលេខ៥ តោខៀវ Chelsea ១ពិន្ទុ។ ងាកមកមួយប្រកួតទៀតយប់មិញដែរ Everton ធ្វើអ្វីក្រុមភ្ញៀវ Crystal Palace មិនបានឡើយបានត្រឹមស្មើគ្នា ១-១។ ទោះបី James Rodriguez រកបានគ្រាប់នាំមុខមុននៅនាទីទី៥៦ ក៏ដោយ Crystal Palace ក៏ទាមទារបានមួយពិន្ទុវិញនៅនាទីទី៨៦ ជិតចប់ការប្រកួតទៅហើយដោយ Michy Batshuayi។ Everton របស់លោក Carlo Ancelotti បន្តឈរលេខ៨ ក្នុងតារាងមាន ៤៧ពិន្ទុ ខណៈ Crystal Palace ឈរលេខ ១២ មាន ៣៨ពិន្ទុ៕
អត្ថបទ៖នាង សុភាវុធ