ភ្នំពេញ៖ ប្រជាពលរដ្ឋក្នុងមូលដ្ឋានរាជធានីភ្នំពេញ អាយុចាប់ពី១៨ឆ្នាំឡើង បានមកចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញទី៥ បានចំនួន ១៦០,១៨៣នាក់ ស្មើនឹង ១១.៣៤% នៃក្រុមគោលដៅ ១,៤១២,៧៦៩នាក់គិតត្រឹមល្ងាចថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២នេះ ។
ឯកឧត្តមវេជ្ជបណ្ឌិត ងី មានហេង ប្រធានមនី្ទរសុខាភិបាល រាជធានីភ្នំពេញ បានបន្តថា សព្វថ្ងៃក្រៅពីមណ្ឌលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ នៅតាមមនី្ទរពេទ្យបង្អែក និងមណ្ឌលសុខភាពទាំង ៤៣ទីតាំង ក្នុងរាជធានីភ្នំពេញ គ្រូពេទ្យ នៃការិយាល័យសុខាភិបាល ស្រុកប្រតិបតិ្ត នៃមនី្ទរសុខាភិបាលរាជធានីភ្នំពេញ កំពុងបន្តបេសកកម្មយ៉ាងសកម្ម ចុះចាក់វ៉ាក់សាំងតាមសហគមន៍ ខ្នងផ្ទះ ដើរពីផ្ទះមួយ ទៅផ្ទះមួយ ដើម្បីចាក់វ៉ាក់សាំងកូវីដ-១៩ ជូនប្រជាពលរដ្ឋ ចាស់ជរា និងវ៉ាក់សាំងការពារជំងឺ១១មុខ ជូនកុមារ ដែលពិបាកក្នុងការធ្វើដំណើរមកកាន់មណ្ឌលសុខភាព និងមនី្ទរពេទ្យបង្អែក ដើម្បីទទួលយកថ្នាំបង្ការការពារជំងឺ។
បងប្អូនប្រជាពលរដ្ឋ និងអាណាព្យាបាលបាននាំកូនមកចាក់វ៉ាក់សាំងកូវីដ-១៩ ពីក្រុមការងារគ្រូពេទ្យមណ្ឌលសុខភាពទឹកថ្លា បានលើកឡើងស្រដៀងគ្នាថា ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ សម្រាប់ការពារសុខភាពកុំឲ្យឆ្លងមេរោគកូវីដ-១៩ ផ្ទាល់ខ្លួន ក្រុមគ្រួសារ និងសង្គមជាតិផងដែរ។
ប្រធានមនី្ទរសុខាភិបាលរាជធានីភ្នំពេញ បានបញ្ជាក់ផងដែរថា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា យុទ្ធនាការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ បានចាប់ផ្តើមចាក់វ៉ាក់សាំងនេះជូនបងប្អូនប្រជាពលរដ្ឋកាលពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ដោយឥតគិតថ្លៃ រហ័សទាន់ពេលវេលា រួមទាំងជនបរទេសដែលរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាផងដែរ។
គិតមកត្រឹមថ្ងៃនេះផ្ទាល់ ប្រជាពលរដ្ឋអាយុចាប់ពី១៨ឆ្នាំឡើង ចាក់វ៉ាក់សាំងដូសទី៣ បានចំនួន ១០៦.៤៨%, ដូសទី៤ បានចំនួន៨១.៣២% និងដូសទី៥ បានចំនួន ១១.៣៤% នៃប្រជាពលរដ្ឋគោលដៅ៕ អត្ថបទ៖ រដ្ឋា