ភ្នំពេញ៖ ខណៈពិធីបុណ្យភ្ជុំបិណ្ឌនឹងចាប់ផ្តើមពីថ្ងៃចុងសប្តាហ៍នេះតទៅ បណ្តាវត្តក្នុងរាជធានីភ្នំពេញ កំពុងរៀបចំតុបតែលំអវត្តតាមបែបសាសនា ដើម្បីត្រៀមទទួលពុទ្ធបរិស័ទ។ ការត្រៀមរៀបចំនេះ រាប់បញ្ចូលទាំងវិធានការសុខាភិបាល ទប់ស្កាត់ជំងឺកូវីដ-១៩ផងដែរ។
ព្រះរតនវិសុទ្ធិវង្ស គាន សារ៉ាត់ ព្រះគ្រូសូត្រឆ្វេង វត្តព្រះពុទ្ធឃោសាចារ្យ(ចិនដំដែក) នៅថ្ងៃទី៧ខែកញ្ញានេះ មានសង្ឃដីកាប្រាប់BTVថា ក្នុងឱកាសពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ដែលចាប់ផ្តើមពីថ្ងៃ១រោចខែភទ្របទខាងមុខនេះតទៅ គណៈកម្មការវត្តកំពុងរៀបចំតុបតែងលំអវត្តតាមបែបសាសនា ជាពិសេសវិធានការសុខាភិបាល ទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ ពេលពុទ្ធបរិស័ទចូលមកកាន់វត្ត។
ជាមួយគ្នានេះដែរ ព្រះតេជគុណញ៉េប តាត ព្រះលេខាធិការវត្តឧណ្ណាលោម មានសង្ឃដីកា អំពាវនាវដល់ពុទ្ធបរិស័ទដែលមកកាន់វត្តអារាម អំឡុងពិធីបុណ្យភ្ជុំបិណ្ឌត្រូវមានប្រយ័ត្នចំពោះកូវីដ-១៩ និងគោរពតាមការណែរបស់គណៈកម្មការវត្ត ពេលរៀបចំពិធីសាសនាណាមួយ។
ឯកឧត្តម សេង សុមុនី រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធម្មការ និងសាសនា បានថ្លែងថា អំឡុងពិធីបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌ ក្រសួងបានចេញសេចក្តីណែនាំដល់បណ្តាវត្តទាំងអស់ក្នុងប្រទេសកម្ពុជា និងអាជ្ញាធរពាក់ព័ន្ធ សហការរៀបពិធីបុណ្យភ្ជុំបិណ្ឌនៅតាមវត្តអារាមឲ្យប្រព្រឹត្តទៅដោយរលូនដូចឆ្នាំមុន។ក្រៅពីនេះ ឯកឧត្តម បានអំពាវនាវដល់បណ្តាវត្តទាំងអស់ បើសិនសំបូរសង្ហាន់ ឫច្រើនត្រូវចែករំលែកដល់អ្នកខ្វះខាត ជៀសវាងការយកទៅបោះចោល។
បុណ្យភ្ជុំបិណ្ឌ ជាពិធីបុណ្យមួយ ក្នុងចំណោមពិធីបុណ្យធំៗដទៃទៀតនៃ ព្រះរាជពិធីទា្វរទសមាស ដែលប្រជារាស្រ្តខ្មែរ តាំងពីបុរាណរៀងមក តែងតែប្រារព្ធពិធីនេះមិនដែលអាក់ខានឡើយ ពោលគឺចាប់ពីថៃ្ង ១រោច រហូតដល់ថៃ្ងទី ១៥រោច ខែភទ្របទ ដែលគេហៅថាបិណ្ឌ១, បិណ្ឌ២ ... និងថៃ្ងបញ្ចប់ គឺជាថៃ្ង "ភ្ជុំបិណ្ឌ"។
ជារៀងរាល់ឆ្នាំ នៅពេលដល់ថ្ងៃខែ ដែលត្រូវប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ គ្រប់បងប្អូនកូនចៅ សាច់ញាតិសន្ដានទាំងអស់ ទោះនៅទីជិត ឬទីឆ្ងាយ តែងតែធ្វើដំណើរទៅជួបជុំគ្នា ជាពិសេសទៅជួបឪពុកម្ដាយ ដើម្បីរៀបចំម្ហូបអាហារ បាយសម្ល ចង្ហាន់យកទៅប្រគេនព្រះសង្ឃដែលគង់នៅវត្តអារាម៕ អត្ថបទ៖ទូច សោភ័ណ