បាល់ទាត់៖ ខ្សែបម្រើអេស្ប៉ាញ Thiago Alcantara បានត្រលប់មកហ្វឹកហាត់វិញហើយ ហើយក៏អាចចូលលេងវិញបានដែរនៅពេល Liverpool ជួបក្រុមអ៊ីតាលី Napoli យប់នេះនៅទីក្រុង Naple។

កីឡាករវ័យ ៣១ឆ្នាំរូបនេះបានចូលហ្វឹកហាត់ឡើងវិញកាលពីថ្ងៃចន្ទ បន្ទាប់ពីអវត្តមានតាំងពីថ្ងៃទី៦ ខែសីហាកន្លងទៅដោយសាររបួសសសៃពួរអំឡុងការប្រកួតបើករដូវកាល Premier League ដែល Liverpool ស្មើនៅទឹកដី Fulham ២-២។ អ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់លោក Jurgen Klopp បានបង្ហាញអារម្មណ៍រីករាយចំពោះវត្តមានអតីតខ្សែបម្រើ Bayern Munich រូបនេះត្រលប់មកហ្វឹកហាត់វិញ ស្របពេលតំបន់កណ្តាលនេះ Jordan Henderson, Naby Keita និង Alex Oxlade-Chamberlain សុទ្ធតែរបួស។
Fabio Calvalho ក៏មិនទាន់ច្បាស់ថា អាចចូលលេងបានសំរាប់ការប្រកួតនៅទឹកដីអ៊ីតាលីយប់នេះ ឬអត់នៅឡើយ បន្ទាប់ពីរងរបួសជើងអំឡុងពេល Liverpool ស្មើនៅទឹកដី Everton ០-០ កាលពីថ្ងៃសៅរ៍។ Liverpool ស្ថិតក្នុងពូល A នៃការប្រកួតក្របខណ្ឌ UEFA Champions League រដូវកាលនេះជាមួយ Napoli, Rangers និង Ajax Amsterdam៕
អត្ថបទ៖នាង សុភាវុធ