អង់គ្លេស៖ លោកស្រី Liz Truss បានចូលកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេសជាផ្លូវការហើយ បន្ទាប់ពីចូលគាល់ម្ចាស់ក្សត្រី Elizabeth II នៅដែនដីស្កុតឡែនកាលពីថ្ងៃអង្គារ។

អតីតរដ្ឋមន្ត្រីការបរទេសរូបនេះបានចំណាយពេលប្រមាណ ៣០នាទីចូលគាល់ម្ចាស់ក្សត្រី ហើយបន្ទាប់មកបានធ្វើដំណើរមកកាន់វិមាននាយករដ្ឋមន្ត្រី Downing Street ដើម្បីធ្វើសេចក្តីថ្លែងការណ៍ជាសាធារណៈលើកដំបូងរបស់លោកស្រី ក្នុងនាមជាមេដឹកនាំរបស់ប្រទេស។ ការប្រកាសនេះធ្វើឡើងបន្ទាប់ពីការប្រកួតប្រជែងរយៈពេលពីរខែរវាងលោកស្រី Truss និងអតីតរដ្ឋមន្ត្រីហិរញ្ញវត្ថុលោក Rishi Sunak សម្រាប់មុខតំណែងកំពូលនៅក្នុងគណបក្សអភិរក្សនិយមរបស់ចក្រភពអង់គ្លេស និងរដ្ឋាភិបាលអង់គ្លេស។ លោកស្រី Truss ក្លាយជានាយករដ្ឋមន្ត្រីទី៥៦ របស់ចក្រភពអង់គ្លេស និងជានាយករដ្ឋមន្ត្រីស្ត្រីទី៣ ដែលឡើងកាន់តំណែងនេះ។

លោកស្រី Liz Truss បានក្លាយជានាយករដ្ឋមន្ត្រីចក្រភពអង់គ្លេស ដែលភ្លាមៗត្រូវប្រឈមកិច្ចការធំៗនៅចំពោះមុខលោកស្រី ដូចជាការទប់ស្កាត់ការកើនឡើងតម្លៃទំនិញ ជំរុញសេដ្ឋកិច្ច ការធ្វើឲ្យធូស្រាលភាពចលាចលការងារ និងស្តារប្រព័ន្ធថែទាំសុខភាពជាតិដែលខ្វះបុគ្គលិក។ លោកស្រី Truss បានចាប់ផ្តើមតែងតាំងសមាជិកជាន់ខ្ពស់នៃគណៈរដ្ឋមន្ត្រីរបស់លោកស្រី ខណៈលោកស្រីត្រូវដោះស្រាយវិបត្តិថាមពល ដែលបង្កឡើងដោយការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន។ នាយករដ្ឋមន្ត្រីថ្មីរបស់ចក្រភពអង់គ្លេសលោកស្រី Liz Truss បានជ្រើសរើសគណៈរដ្ឋមន្ត្រីជាលើកដំបូងដោយគ្មានជនជាតិស្បែកស ចូលកាន់តំណែងណាមួយក្នុងមុខតំណែងរដ្ឋមន្ត្រីចំនួន ៤សំខាន់ៗបំផុតរបស់ប្រទេសនេះ៕
អត្ថបទ៖ ប៊ុនថន