បាល់ទាត់៖ គណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បានប្រកាសកាលបរិច្ឆេទប្រកួតពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន លើកទី១៤ ថ្នាក់ជាតិវគ្គ ៨ក្រុមចុងក្រោយជើងទី២ រួចហើយដោយគ្រោងប្រកួតនាថ្ងៃទី០៧–០៨ ខែតុលា ឆ្នាំ២០២០ ខាងមុខ។
ការកំណត់កាលបរិច្ឆេទផ្លូវការនេះ ធ្វើឡើងក្រោយបញ្ចប់ការប្រកួតជើងទី១ នៃវគ្គ ១/៤ ផ្ដាច់ព្រ័ត្រអស់រយៈពេលជាង ១សប្ដាហ៍។ ប៉ុន្តែក្នុងចំណោម ៤ប្រកួតនៃជើងទី២ គឺមាន ៣គូប្រកួតនៅខេត្ត និងមាន ១គូប៉ុណ្ណោះប្រកួតនៅភ្នំពេញ។ ចំពោះកម្មវិធីប្រកួតជើងទី២ រួមមានថ្ងៃទី០៧ ខែតុលា ក្រុមគិរីវង់សុខសែនជ័យជួបក្រុមភ្នំពេញក្រោននៅកីឡដ្ឋានគិរីវង់ និងក្រុមព្រះខ័នរាជស្វាយរៀង បើកទ្វារផ្ទះទទួលក្រុមណាហ្គាវើលដ៏។ រីឯថ្ងៃទី០៨ ខែតុលា គឺមានខេត្តព្រៃវែងបើកទ្វារកីឡដ្ឋានខេត្ត ទទួលក្រុមកងយោធពលខេមរភូមិន្ទ និងក្រុមវិសាខាជួបក្រុមខ្លាំងបឹងកេតនៅកីឡដ្ឋានព្រីនស៍។
សូមរំឭកថា កាលពីជើងទី១ ក្រុមកងយោធពលខេមរភូមិន្ទ បានយកឈ្នះខេត្តព្រៃវែង ១–០, ភ្នំពេញក្រោនបានយកឈ្នះក្រុមគិរីវង់ ២–១ ស្របពេលក្រុមព្រះខ័នរាជស្វាយរៀងស្មើណាហ្គាវើលដ៏ ២–២ និងក្រុមបឹងកេតស្មើក្រុមវិសាខា ១–១។ ដូច្នេះចាំមើលការប្រកួតជើងទី២ តើក្រុមណាខ្លះនឹងទទួលបានកៅអីវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ពានរង្វាន់សម្ដេចតេជោ-ថ្នាក់ជាតិជាផ្លូវការ?
អត្ថបទ៖ លី ឈុនឡា
