ថៃ៖ ក្រុមមន្ត្រីសុខាភិបាលប្រទេសថៃ កំពុងពិចារណាលើការបិទទីតាំងកម្សាន្តរាត្រីនានា នៅក្នុងទីក្រុងបាងកក ក្រោយរកឃើញការផ្ទុះករណីឆ្លងជំងឺ COVID-19 នៅតាមទីតាំងទាំងនោះ ទាំងក្នុង និងជុំវិញរាជធានីមួយនេះ ហើយនឹងករណីឆ្លងនៅក្នុងពន្ធនាគារមួយកន្លែង នៅភាគខាងត្បូងទីក្រុង។
លោក អាភីសាម៉ៃ ស្រីរ៉ាំងសាន អ្នកនាំពាក្យមជ្ឈមណ្ឌលរដ្ឋបាលស្ថានភាពជំងឺ COVID-19 បាននិយាយថា ករណីឆ្លងថ្មីជំងឺ COVID-19 ចំនួន ១៩៤នាក់ត្រូវបានរកឃើញ ដែលភាគច្រើននៃករណីឆ្លងបានរកឃើញនៅតាមទីតាំងកម្សាន្តនានា នៅក្នុងទីក្រុងបាងកក និងនៅក្នុងពន្ធនាគារណារ៉ាធីវ៉ាត់។ មជ្ឈមណ្ឌលរដ្ឋបាលស្ថានភាពជំងឺ COVID-19 បានបញ្ជាឲ្យបិទទីតាំងរកឃើញករណីឆ្លងទាំងអស់នោះ រហូតដល់ពួកគេសម្អាតស្អាត។ ក្រុមមន្ត្រីសុខាភិបាលបាននិយាយថា ពួកគេកំពុងពិចារណាលើការបិទទីតាំងកម្សាន្តនានា នៅទីក្រុងបាងកករយៈពេល ២សប្ដាហ៍ ដើម្បីព្យាយាមបញ្ឈប់ការរីករាលដាលឆ្លងជំងឺ COVID-19។ ខណៈពេលនោះដែរ រដ្ឋបាលក្រុងបាងកកបានប្រកាសឈ្មោះទីតាំង ដែលពាក់ព័ន្ធនឹងការផ្ទុះករណីឆ្លង និងជំរុញឲ្យប្រជាពលរដ្ឋធ្វើតេស្តរកជំងឺ COVID-19។
ការរីករាលដាលឆ្លងថ្មីនេះដែរ បានកើតមានឡើងមុនពេលដែលប្រទេសថៃ រៀបចំពិធីបុណ្យចូលឆ្នាំថ្មីរបស់ខ្លួននៅពាក់កណ្ដាលខែមេសាខាងមុខនេះ ជាពេលដែលគេមើលឃើញប្រជាពលរដ្ឋ សម្រុកធ្វើដំណើរចេញពីទីក្រុងទៅកាន់ស្រុកកំណើត របស់ពួកគេនៅតាមខេត្ត។ កាលពីឆ្នាំមុន ថៃបានផ្អាកការរៀបចំពិធីបុណ្យចូលឆ្នាំរបស់ខ្លួន ក្រោយរកឃើញរលកទី១ នៃជំងឺ COVID-19។ សូមបញ្ជាក់ថា ប្រទេសថៃបានរាយការណ៍ករណីឆ្លងជំងឺ COVID-19 ចំនួន ២៩.៣២១នាក់ និងករណីស្លាប់ ៩៥នាក់៕
អត្ថបទ៖ សារ៉ាត់