វាយកូនបាល់៖ កីឡាករន័រវេស Casper Ruud បានហក់ឡើងចំណាត់ថ្នាក់លេខ២ ពិភពលោកហើយក្រោយយកឈ្នះកីឡាករអ៊ីតាលី Matteo Berrettini ឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Grand Slam, US Open។ នេះជាការឈានឡើងវគ្គ ៤នាក់ចុងក្រោយ US Open ដំបូងបំផុតសំរាប់កីឡាករវ័យ ២៣ឆ្នាំរូបនេះក្រោយយកឈ្នះកីឡាករលំដាប់លេខ ១៣ Berrettini ដោយលទ្ធផល ៣សិតផ្ទួនៗ ៦-១, ៦-៤ និង ៧-៦(៧-៤)។

Casper Ruud នៅពេលនេះមានឱកាសឡើងឈរលេខ១ ពិភពលោកប្រសិនបើអាចយកឈ្នះការប្រកួតនៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ចំណែកការប្រកួតផ្នែកនារីវិញកីឡាការិនីទុយនេស៊ី Ons Jabeur ក៏បានបន្តដំណើរឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាលើកដំបូងក្នុងអាជីពដែរ ក្រោយយកឈ្នះកីឡាការិនីអូស្ត្រាលី Ajla Tomljanovic ដោយលទ្ធផល ៦-៤ និង ៧-៦(៧-៤)។ Ons Jabeur គឺជាកីឡាការិនីមកពីតំបន់អាហ្វ្រិកទី១ ក្នុងសករាជ Open ដែលឡើងមកដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ US Open នេះ។
កីឡាការិនីវ័យ ២៨ឆ្នាំរូបនេះនឹងបន្តជួបជាមួយកីឡាការិនីបារាំង Caroline Garcia ដែលបានយកឈ្នះកីឡាការិនីម្ចាស់ផ្ទះអាមេរិក Coco Gauff លទ្ធផល ២សិតផ្ទួនៗ ៦-៣ និង ៦-៤។ នេះក៏ជាលើកដំបូងដែរដែល Caroline Garcia ឈានឡើងវគ្គ ៤នាក់ចុងក្រោយនៅ US Open នេះ៕
អត្ថបទ៖នាង សុភាវុធ