បន្ទាយមានជ័យ៖ រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច ជំរុញដល់ក្រុមការងារជំនាញបច្ចេកទេសទទួលបន្ទុកសាងសង់ទាំងអស់ត្រូវធ្វើយ៉ាងណាខិតខំបំពេញភារកិច្ចការងារស្នូលរបស់ខ្លួនឱ្យបានល្អប្រសើរនិងជាអគារធ្វើឡើងមានគុណភាពរឹងមាំជាប់បានយូរសំរាប់បម្រើការងារបានយូរអង្វែង។
ឯកឧត្ដម វង្ស សូត រដ្ឋមន្ត្រីក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា ថ្លែងក្នុងឱកាសអញ្ជើញទស្សនកិច្ចការងារនៅមណ្ឌលសំចត និងពិនិត្យដំណើរការសាងសង់អគារចំនួន៥ អគារនៃមណ្ឌលសំចតថ្មី ដែលជាជំនួយឧបត្ថម្ភរបស់ព្រះរាជាណាចក្រថៃ ក្នុងតម្លៃជិត ១,៥លានដុល្លារ ស្ថិតនៅចំណុចភូមិប្រជាធម្មកើត សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី០៧ ខែកញ្ញានេះ ។
ឯកឧត្តមរដ្ឋមន្រ្តី បានបន្តថា មណ្ឌលអគារសំចតនេះ គឺវាមានអត្ថប្រយោជន៍ច្រើនសំរាប់បងប្អូនដែលជាពលករបានដាច់ប៉ាស់ស្ព័រ ដែលត្រូវបានខាងអាជ្ញាធរថៃបញ្ជូនមកកម្ពុជានោះ គឺត្រូវបញ្ជូនមកទុកនៅទីតាំងមណ្ឌលសំចតខាងលើនេះ ដើម្បីសម្រាកពិនិត្យរាល់បញ្ហានានាមុននឹងឲ្យពួកគាត់ចាកចេញពីមណ្ឌលសំចតនេះ។
ឯកឧត្តមរដ្ឋមន្រ្តី បានបញ្ជាក់ថា កត្តាទាំងអស់នេះ គឺជាការយកចិត្តទុកដាក់គិតគូរប្រកបដោយគតិបណ្ឌិតខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្រ្តីនៃកម្ពុជា ចំពោះបញ្ហាប្រឈមនានារបស់បងប្អូនប្រជាពលរដ្ឋខ្មែរគ្រប់រូប៕ អត្ថបទ៖ ឃិន សារិទ្ធ








