ភ្នំពេញ៖ យុវជនចំនួន ៥ក្រុម ក្នុងចំណោម ១៥ក្រុម ត្រូវបានជ្រើសរើស ដើម្បីត្រៀមខ្លួនចូលរួម វគ្គបន្ទាប់ក្នុងការប្រកួតប្រជែងផែនការអាជីវកម្ម ដែលរៀបចំឡើងដោយក្រសួងអប់រំ យុវជន និងកីឡា។
យុវជនចំនួន ១៥ ក្រុម នៅថ្ងៃទី៧ ខែកញ្ញានេះ បានចូលរួមធ្វើបទបង្ហាញក្នុងការប្រកួតប្រជែងផែនការអាជីវកម្ម ដែលរៀបចំឡើងក្រសួងអប់រំ យុវជន និងកីឡា។
ក្រោយឆ្លងកាត់ការដាក់ពិន្ទុពី គណៈមេយោគ គឺក្រុមចំនួន ត្រូវបានជ្រើសរើសដើម្បីបន្តចូលរួមប្រកួតវគ្គបន្ទាប់។ ក្រុមទាំង ៥ ដែលបានជាប់ទៅវគ្គបន្ទាប់រួមមាន ក្រុមរាជនី BANANA ក្រុមពិភពស្លឹកគ្រៃភូមិភាគឦសាន ក្រុមរុក្ខគុណ ក្រុមមៀនកែច្នៃសហគមន៍ពេជ្រចិន្តា និងក្រុម The Home Hero សេវាកម្មជួសជុលផ្ទះ។
ក្រោយប្រកាសលទ្ធផល លោក សុក ណុប អនុប្រធាននាយកដ្ឋានគ្រប់គ្រងមជ្ឈមណ្ឌល នៃក្រសួងអប់រំ លើកឡើងថា ក្រុមទាំង ៥នេះ គឺត្រូវត្រៀមខ្លួនដើម្បីប្រកួតវគ្គជំរុះបន្ទាប់នៅក្នុងខែតុលា។ លោកមើលឃើញថា សមត្ថភាពរបស់យុវជន ពីមួយឆ្នាំទមួយឆ្នាំ គឺមានការរីកចម្រើនច្រើន ដែលស្របតាមគោលដៅរបស់ក្រសួងក្នុងបណ្ដុះសហគ្រិនភាពទៅយុវជន។
ចំពោះការជាប់ទៅវគ្គបន្ទាប់ ក្រុមមៀនកែច្នៃសហគមន៍ពេជ្រចិន្តា មកពីខេត្តបាត់ដំបង បង្ហាញភាពរីករាយនិងពេញចិត្តចំពោះកម្មវិធីប្រកួតប្រជែងដែលរៀបចំដោយក្រសួងអប់រំ នេះជាខ្លាំង។ យុវតី យ៉ាត យ៉ារូ ជាតំណាងក្រុមលើកឡើងខ្លួន ក៏ដូចជាសមាជិកក្រុម គឺសិក្សាបានជាច្រើនពីការប្រកួតនេះ។ ការប្រកួតនេះក៏ជាជំហ៊ានឆ្ពោះទៅគោលដៅជីវិតដែលខ្លួនចង់ក្លាយជាអ្នកជំនួញស្ត្រីនាពេលអនាគតផងដែរ។គួរបញ្ជាក់ថា ការប្រកួតប្រជែងផែនការអាជីវកម្មនេះ គឺជាការរៀបចំ របស់ក្រសួងអប់រំ យុវជន និងកីឡា។ កម្មវិធីនេះគឺបានរៀបចំដំបូង នៅឆ្នាំ ២០១៩ ដោយអនុញ្ញាតឱ្យយុវជន ទាំងក្នុងសាលា និងក្រៅសាលាបង្កើតជាក្រុម រៀបចំផែនការអាជីវកម្ម ដើម្បីចូលរួមប្រកួត។ អត្ថបទ៖ គឹមហុក