
ភ្នំពេញ៖ ក្នុងរយៈពេល ៨ ខែ ឆ្នាំ ២០២២, រាជរដ្ឋាភិបាលប្រមូលចំណូលថវិការដ្ឋ សម្រេចបាន ១៦ ៤៣០ ប៊ីលានរៀល ស្មើនឹងប្រមាណ ៤ពាន់លានដុល្លារ ស្មើនឹង ៧០% ធៀបនឹងច្បាប់ស្តីពីហិរញ្ញវត្ថុ ខណៈដែលការប្រមូលចំណូលសារពើពន្ធ នៅតែបន្តរួមចំណែកខ្ពស់រហូតដល់ ៩៣% នៃចំណូលសរុប។
ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានគណៈកម្មាធិការដឹកនាំការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (គ.ហ.ស.) លើកឡើងនៅក្នុងកិច្ចប្រជុំពិភាក្សាអំពី “ការត្រួតពិនិត្យវឌ្ឍនភាពនៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី ៣ ប្លុក ២ ប្រចាំឆមាសទី១ ឆ្នាំ២០២២ នៅថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២២ នេះថា លទ្ធផលនៃការតាមដាន និងត្រួតពិនិត្យ នៃការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈប្រចាំឆមាសទី១ ឆ្នាំ២០២១នេះ, ការអនុវត្តការងារកែទម្រង់ហិរញ្ញវត្ថុសាធារណៈកំពុងវិវត្តទៅរកប្រក្រតីភាព និងភាពល្អប្រសើរឡើងវិញ បន្ទាប់ពីស្ថានភាពជំងឺកូវីដ-១៩ បានថមថយក្នុងរយៈពេលចុងក្រោយនេះ ដែលឆ្លុះបញ្ចាំងពីភាពធន់នៃសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈ ភាពបត់បែននៃការអនុវត្តគោលនយោបាយ និងយុទ្ធសាស្ត្រ និងចីរភាពនៃការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ។
ជាក់ស្តែង ក្នុងរយៈពេល ៨ខែឆ្នាំ២០២២, រាជរដ្ឋាភិបាលប្រមូលចំណូលថវិការដ្ឋ សម្រេចបាន ១៦ ៤៣០ ប៊ីលានរៀល ស្មើនឹង ៧០% ធៀបនឹងច្បាប់ ខណៈដែលចំណូលសារពើពន្ធនៅតែបន្តរួមចំណែកខ្ពស់រហូតដល់ ៩៣% នៃចំណូលសរុប ខណៈការអនុវត្តចំណាយថវិកាជាតិសម្រេចបាន ១៥ ២៧១ ប៊ីលានរៀល ស្មើនឹង ៥៧% ធៀបនឹងច្បាប់ហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២២។
ជាមួយគ្នានេះ, ចំពោះសកម្មភាពកែទម្រង់គន្លឹះៗ ដូចជាការធ្វើទំនើបកម្មប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន, ការកសាង និងកែលម្អប្រព័ន្ធ និងការរៀបចំលិខិតបទដ្ឋានគតិយុត្តស្នូលសំខាន់ៗ នៃកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈភាគច្រើនបន្តមានវឌ្ឍនភាព ក៏ដូចជាសម្រេចបាននូវលទ្ធផលជាយុទ្ធសាស្ត្រផងដែរ។
ជារួមការត្រួតពិនិត្យ និងវាយតម្លៃលើការអនុវត្តការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ដំណាក់កាលទី៣ បូក ២ ប្រចាំឆមា សទី ១ ឆ្នាំ២០២២ បានឆ្លុះបញ្ចាំងឱ្យឃើញថា ភាពជឿទុកចិត្តនៃថវិកានៅរក្សាភាពធន់ និងអាចទុកចិត្តបាន តាមរយៈការបន្តពង្រឹងការគ្រប់គ្រងការប្រមូលចំណូល ការធ្វើទំនើបកម្មរដ្ឋបាលចំណូល និងគោលនយោបាយពន្ធ និងការពង្រឹងលើប្រសិទ្ធភាពចំណាយ។
ជាមួយគ្នានេះដែរ, តំណាងនៃច្ចអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាល បានអបអរសាទរដល់រាជរដ្ឋាភិបាលដែលសម្រេចបានសមិទ្ធផលល្អប្រសើរ ក្នុងការអនុវត្តកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ ទោះបីកំពុងស្ថិតក្នុងវិបត្តិកូវីត-១៩ ក៍ដោយ ក្នុងនោះដៃគូអភិវឌ្ឍន៍ បានរួមគ្នាផ្តល់នូវមតិយោបល់ និងសំណើបន្ថែមទៀត សម្រាប់ការពង្រឹងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងឆ្លើយតបទៅស្ថានភាពសេដ្ឋកិច្ច ក្នុងបរិការណ៍នៃជំងឺតួវីត-១៩ និងបន្ទាប់ទៀត៕ អត្ថបទ៖ សុន រ៉ាឌី