កំពង់ឆ្នាំង៖ ការដ្ឋានសាងសង់ផ្លូវក្រាលកៅស៊ូ ប្រវែងជាង១១គីឡូម៉ែត្រ តភ្ជាប់ស្រុករលាប្អៀរ និងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង បាននឹងកំពុងដំណើរការ ដែលការដ្ឋាននេះ បានធ្វើឱ្យប្រជាពលរដ្ឋសប្បាយចិត្ត ព្រោះនឹងបានផ្លូវល្អប្រើប្រាស់ទៅពេលអនាគត។
ផ្លូវក្រាលកៅស៊ូ២ជាន់ ប្រភេទ (DBST) ប្រវែងជាង១១គីឡូម៉ែត្រ តភ្ជាប់ពីភូមិទឹកចេញ ឃុំជើងគ្រាវ ស្រុករលាប្អៀរ ទៅដល់ភូមិស្រែសារ ឃុំឈូកស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កំពុងត្រូវបានកសាង ក្រោមជំនួយហិរញ្ញប្បទានសហប្រតិបត្តិការ និងគម្រោងពង្រឹងសមត្ថ ភាពផលិតភាពជនបទ ហៅកាត់ថា (NRRPCP) ដែលគាំទ្រដោយធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធ អាស៊ី (AIIB)។
ប្រជាពលរដ្ឋ បាននិយាយថា ការស្ថាបនា កែប្រែផ្លូវក្រាលក្រួសក្រហម ទៅជាផ្លូវកៅស៊ូនេះ នឹង សម្រួលដល់ការធ្វើដំណើររបស់ពួកគេ ដែលប្រឈមនឹងដីហុយ នៅរដូវប្រាំង និងភក់នៅរដូវវស្សា ជាពិសេស វាងាយស្រួលសម្រាប់ការធ្វើដំណើររបស់សិស្សទៅសាលារៀនតែម្តង។
លោក ជិន រដ្ឋា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទ បានឱ្យដឹងថា កំណាត់ផ្លូវនេះ នឹងត្រូវចំណាយពេលស្ថាបនារយៈពេល១២ខែ គិតចាប់ពីថ្ងៃបើកការដ្ឋាននេះ រហូតដល់ដំណាច់ខែមិថុនា ឆ្នាំ២០២៣ និងត្រូវចំ ណាយទឹកប្រាក់ ចំនួនជាង១.៥លានដុល្លារ ។
គម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ បានចាប់ផ្ដើអនុវត្តពីឆ្នាំ២០២១-២០២៣ មានថវិកាសរុបចំនួន៦៧លានដុល្លារ ក្នុងនោះថវិកាចំនួន៦០លានដុល្លារ ជាហិរញ្ញប្បទានរបស់ធនាគារវិនិយោគហេដ្ឋារចនាសម្ព័ន្ធអាស៊ី (AIIB) និង៧.៥លានដុល្លារ ជាថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។
គម្រោងនេះ មានសមាសភាពចំនួន២ គឺទី១ អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ជនបទ (ត្រូវស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) ប្រវែង១៨៥ គីឡូម៉ែត្រ និងផ្លូវបេតុងប្រវែង៥០គីឡូម៉ែត្រ ស្ថាបនាស្រះដីសហគមន៍ ចំនួន៧៥ស្រះ ស្ថាបនាស្រះសហគមន៍ រៀបថ្ម ឬបេតុង ចំនួន៧៥ស្រះ និងទី២ អភិវឌ្ឍន៍ជំនាញនៅជនបទ និងផ្ដល់សេវាគាំទ្រដល់អង្គភាពគ្រប់គ្រងគម្រោងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ដែលសមាសភាពទាំងពីរនេះ អនុវត្តនៅក្នុងខេត្តគោលដៅចំនួន៥ គឺខេត្តកំពង់ឆ្នាំង ខេត្តប៉ៃលិន ខេត្តព្រៃវែង ខេត្តត្បូងឃ្មុំ និងខេត្តកោះកុង៕ អត្ថបទ៖ ហុង វាស្នា