សូហ្វតេន្នីស៖ សហព័ន្ធកីឡាសូហ្វតេន្នីសកម្ពុជាបានបញ្ជូនកីឡាករ-កីឡាការិនីវ័យក្មេង ៨រូបទៅបោះជុំរុំហ្វឹកហាត់ និងចូលរួមប្រកួតព្រឹត្តិការណ៍អន្ដរជាតិ The 2022 NH Nonghyup Bank Incheon Korea Cup International Soft Tennis Tournament រយៈពេល ៣សប្ដាហ៍នៅសាធារណរដ្ឋកូរ៉េ ដើម្បីពង្រឹងសមត្ថភាព និងបច្ចេកទេស ក្រោយខកខានរយៈពេល ២ឆ្នាំដោយសារវិបត្តិកូវីដ-១៩។

តាមរយៈការបោះជុំរុំហ្វឹកហាត់ និងប្រកួតក្រៅប្រទេសនេះ សហព័ន្ធរំពឹងថា កីឡាករ-កីឡាការិនីវ័យក្មេងរបស់ខ្លួននឹងមានភាពរីកចម្រើន ទាំងការបន្សំជាមួយការប្រកួតលក្ខណៈអន្ដរជាតិ ពិសេសពង្រឹងសមត្ថភាពកាន់តែប្រសើរ ស្របតាមផែនការយុទ្ធសាស្ដ្ររបស់សហព័ន្ធក្នុងការត្រៀមឆ្ពោះទៅស៊ីហ្គេមឆ្នាំ២០២៣ នៅកម្ពុជា។ នេះបើតាមការបញ្ជាក់របស់លោក ជា សែនវិស្សុត អគ្គលេខាធិការសហព័ន្ធ។ អគ្គលេខាធិការសហព័ន្ធដដែលបន្ដថា កីឡាករ-កីឡាការិនីសូហ្វតេន្នីសកម្ពុជាដែលបានចេញទៅហ្វឹកហាត់ និងប្រកួតនៅកូរ៉េ រួមមានកីឡាករ កាន់ សោភ័ណ្ឌ, ចន ម៉ាដា, សាយ សុចិត្រា, សំ ចាន់កាប៊ី, សយ សុធន់, សម ដេវីដ រួមជាមួយកីឡាការិនី ម៉េត ម៉ារីយ៉ាន និងកីឡាការិនី ឃុន ចន្ទរ៉ូសិកា ដែលពួកគេបានចាកចេញពីមាតុភូមិកាលពីចុងខែសីហាកន្លងទៅ។

លោកបន្ថែមថា ក្រៅពីការបញ្ជូនកីឡាករ-កីឡាការិនីទៅហ្វឹកហាត់ និងពង្រឹងសមត្ថភាពក្រៅស្រុក សហព័ន្ធក៏មានគម្រោងស្នើសុំគណៈកម្មាធិការជាតិ CAMSOC ដើម្បីស្វែងរកគ្រូបង្វឹកអន្តរជាតិមកហ្វឹកហាត់ដល់កីឡាករ-កីឡាការិនីរយៈពេលពី ៧ ទៅ ៨ខែមុនស៊ីហ្គេមឆ្នាំ២០២៣ មកដល់ផងដែរ ដើម្បីឆ្ពោះទៅសម្រេចគោលដៅដណ្ដើមបានមេដាយមាស ៣គ្រឿងក្នុងចំណោម ៧វិញ្ញាសានៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ដ្រនៅកម្ពុជានេះ។ គួរដឹងថា កីឡាសូហ្វតេន្នីសត្រូវបានចាត់ទុកជាប្រភេទកីឡាមានសក្ដានុពលមួយរបស់កម្ពុជា ក្នុងក្ដីរំពឹងស្វែងរកមេដាយមាសជូនជាតិនៃការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ៕
អត្ថបទ៖ លី ឈុនឡា