កំពង់ឆ្នាំង៖ សមាគមអតីតយុទ្ធជនកម្ពុជា គ្រោងបញ្ចប់ការសាងសង់ដំណាក់កាលទី ២ ដោយនឹងប្រគល់ផ្ទះជាង ៤០០ខ្នងបន្ថែមទៀត ជូនអតីតយុទ្ធជនក្នុងខេត្ត៤ មានខេត្តបាត់ដំបង ឧត្តរមានជ័យ កំពង់ឆ្នាំង និងព្រះសីហនុ នៅដំណាច់ឆ្នាំ ២០២២ នេះ។
ក្រោយពេលចុះពិនិត្យដំណើរការសាងសង់ផ្ទះជូនអតីតយុទ្ធជន ស្ថិតក្នុងឃុំក្រាំងល្វា ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្តមនាយឧត្តមសេនីយ៍ គន់ គីម អនុប្រធាន និងជាអគ្គលេខាធិការសមាគមអតីតយុទ្ធជនកម្ពុជា បានឱ្យដឹងថា ដើម្បីឆ្លើយតបទៅនឹងការលំបាក និងលើកស្ទួយជីវភាពរបស់អតីតយុទ្ធជន ជារៀងរាល់ឆ្នាំសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី និងជាប្រធានសមាគម បានណែនាំឱ្យបន្តសកម្មភាពដំណើរការសាងសង់ផ្ទះ និងរៀបចំដីសម្បទានសង្គមកិច្ចសម្រាប់ចែកជូនអតីតយុទ្ធជន។
នាយឧត្តមសេនីយ៍ គន់ គីម បន្តថា ជាក់ស្តែងនាពាក់កណ្តាលឆ្នាំនេះ សមាគមអតីតយុទ្ធជនកម្ពុជា បានខិតខំ និងគ្រោងប្រគល់ផ្ទះចំនួន៤០០ខ្នងដែលនឹងសាងសង់រួចបន្ថែមទៀត ជូនដល់អតីតយុទ្ធជនមុនដំណាច់ឆ្នាំ២០២២។ នាយឧត្តមសេនីយ៍ ថ្លែងថា អំឡុងពេលសាងសង់ផ្ទះនេះ ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ក៏ជាតម្រូវការចាំបាច់ សម្រាប់ឱ្យការរស់នៅរបស់អតីតយុទ្ធជនគ្រប់រូបទទួលបានការអភិវឌ្ឍជាបន្តបន្ទាប់ រួមមាន ផ្លូវ ថ្នល់ ប្រព័ន្ធធារាសាស្រ្ត សាលារៀន វត្តអារាមជាដើម។
នាយឧត្តមសេនីយ៍ គន់ គីម បានអំពាវនាវដល់អតីតយុទ្ធជនទាំងអស់ សូមបន្តរក្សាស្មារតី វីរភាពដ៏ឧត្តុង្គឧត្តម និងសេចក្តីថ្លៃថ្នូរ ក្នុងនាមជាប្រជាពលរដ្ឋឆ្នើមរបស់ជាតិមាតុភូមិ ដើម្បីបន្តធ្វើជាគំរូល្អក្នុងសង្គមជាតិ ហើយរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ទូទាំងប្រទេសពិតជាចងចាំជានិច្ច នូវការលះបង់ និងគុណបំណាច់ដ៏ធំធេងរបស់បងប្អូនអតីតយុទ្ធជនគ្រប់រូបចំពោះជាតិមាតុភូមិ ។
បន្ថែមលើសពីនេះ នាយឧត្តមសេនីយ៍ គន់ គីម ក៏បានជំរុញឱ្យថ្នាក់ដឹកនាំសមាគមគ្រប់ថ្នាក់ត្រូវបន្តយកចិត្តទុកដាក់ដល់អតីតយុទ្ធជនដែលកំពុងរស់នៅតាមឃុំ-សង្កាត់ ដោយត្រូវបែងចែកភារកិច្ចគ្នាចុះជួបសំណេះសំណាល ផ្សារភ្ជាប់ទំនាក់ទំនងឱ្យកាន់តែជិតស្និទជាមួយអតីតយុទ្ធជនតាមខ្នងផ្ទះនីមួយៗឱ្យប្រាកដថា គ្រួសារដែលជួបការលំបាកទាំងអស់ទទួលបានការជួយពីសមាគមអតីតយុទ្ធជនកម្ពុជា៕ អត្ថបទ៖ សេក ឧត្ដម







