បាល់ទាត់៖ អភិនីហារបានកើតឡើងនៅកីឡដ្ឋាន Wanda Metropolitano របស់ Atletico Madrid បន្ទាប់ពីការប្រកួតត្រូវសំរេចគ្រាប់បាល់នៅម៉ោងបន្ថែមបង្គ្រប់ទាំងអស់។ Altetico Madrid បើកទ្វារផ្ទះទទួលស្វាគមន៍ក្រុមភ្ញៀវព័រទុយហ្កាល់ FC Porto ជាការប្រកួតពេញដោយភាពស្ងប់ស្ងាត់ស្ទើរពេញ ៩០នាទី។

លុះឈានដល់នាទីទី៨២ ខ្សែប្រយុទ្ធអ៊ីរ៉ង់ Mehdi Taremi ទទួលបានកាតលឿងទី២ បណ្តេញចេញពីការប្រកួត ក្រោយកំហុសធ្វើជាដួលចង់បាន ១១ម៉ែត្រ មុនពេលដែល Mario Hermaso ស៊ុតបញ្ចូលទីនៅនាទីទី៩០+១ ដែលគិតថាជាគ្រាប់ជ័យជំនះទៅហើយសំរាប់ Atletico Madrid។ មិនមែនទេ Mateus Uribe គឺជាអ្នកស៊ុតតាមស្មើឱ្យ Porto ដោយបាល់ពិន័យ ១១ម៉ែត្រនាទីទី៩០+៦ នៃម៉ោងបន្ថែមបង្គ្រប់ បន្ទាប់ពីកំហុសរបស់ Hermaso ចុះទៅការពារដល់ក្រោមហើយធ្វើឱ្យមានកំហុសដៃប៉ះបាល់។ មិនទាន់បញ្ចប់ទេ Antoine Griezmann គឺជាអ្នកតែតបញ្ចូលទីសំរេចគ្រាប់ជ័យជំនះពិតប្រាកដនៅនាទីទី៩០+១១ ឱ្យ Atletico Madrid យកឈ្នះ Porto ២-១។
បើតាមការកត់ត្រារបស់ Opta តាំងពីឆ្នាំ២០០៣ មកគ្រាប់បាល់របស់ Griezmann នាទីទី១០០ និង ២១វិនាទី រឺនាទីទី៩០+១១ នេះជាគ្រាប់បាល់ដែលរកបាននៅនាទីចុងក្រោយបំផុតបំបែកកំណត់ត្រានៅ UEFA Champions League មិនគិតម៉ោងបន្ថែម ១៥នាទីពីរដង។ មិនតែប៉ុណ្ណោះបីគ្រាប់ក្នុងម៉ោងបន្ថែមបង្គ្រប់នេះគឺជាលើកទី២ ដែលកើតឡើងនៅ UCL បន្ទាប់ពីលើកទី១ កាលពីខែធ្នូ ឆ្នាំ២០២១ ក៏ជាជំនួបរវាងក្រុមទាំងពីរដែរ។ បីពិន្ទុនេះធ្វើឱ្យ Atletico Madrid ឈរលើគេក្នុងពូល B នេះជាមួយ Club Bruges ដែលយកឈ្នះ Bayer Leverkusen ១-០ យប់មិញផងដែរ៕
អត្ថបទ៖នាង សុភាវុធ