បាល់ទាត់៖ ខ្សែប្រយុទ្ធប៉ូឡូញ Robert Lewandowski បានកំដៅសាច់ដុំមុនជួបក្លិបចាស់ Bayern Munich សប្តាហ៍ក្រោយ ដោយស៊ុតបញ្ចូលទី ៣គ្រាប់ម្នាក់ឯងឱ្យ Barcelona យកឈ្នះក្លិបឆែក Viktoria Plzen ៥-១។

បន្ទាប់ពីគ្រាប់បើកឆាកដោយនាំមុខដោយ Frank Kessie នៅនាទីទី១៣ កីឡាករវ័យ ៣៤ឆ្នាំ Lewandowski ក៏រកបានគ្រាប់ទី១ របស់ខ្លួននៅនាទីទី៣៤ មុនពេលដែលក្រុមភ្ញៀវតបបានមួយគ្រាប់វិញនាទីទី៤៤ ដោយ Jan Sykora តែ Lewandowski ក៏រកបានគ្រាប់ទីពីររបស់ខ្លួននៅនាទីទី៤៥+៣។ ឈានចូលវគ្គទី២ ខ្សែប្រយុទ្ធប៉ូឡូញដដែលក៏រកបានគ្រាប់បាល់ទីបីររបស់ខ្លួននៅនាទីទី៦៧ មុនពេលដែល Ferran Torres សំរេចគ្រាប់ទី៥ ឱ្យ Barcelona យកឈ្នះ ៥-១ ឈរលើគេក្នុងពូល C នេះ។
មួយប្រកួតទៀតជំនួបរវាងក្រុមយក្សទាំងពីរគឺយក្សអ៊ីតាលី និងយក្សអាល្លឺម៉ង់ Inter Milan ទទួល Bayern Munich។ អតីតខ្សែបម្រើ Manchester City, Leroy Sane ស៊ុតបញ្ចូលទីឱ្យ Bayern Munich នាំមុខនៅនាទីទី២៥ មុនពេលដែល Inter Milan កីឡាករ Danilo D’Ambrosio ភ្លាត់ចូលទីខ្លួនឯង។ ជំនួបបន្តក្នុងពូល C នេះ Inter Milan ធ្វើដំណើរទៅទឹកដីឆែករបស់ Viktoria Plzen សប្តាហ៍ក្រោយ ខណៈ Bayern Munich ទទួល Barcelona៕
អត្ថបទ៖នាង សុភាវុធ