ភ្នំពេញ៖ ឯកឧត្តម សាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រី្តក្រសួងសុខាភិបាល អមដំណើរដោយលោកសាស្រ្តាចារ្យ ងី ម៉េង នាយកមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត ព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២នេះ បានអញ្ជើញចុះពិនិត្យអគារសម្រាកព្យាបាលជម្ងឺ ថ្មី កម្ពស់៤ជាន់ នៅមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ឯកឧត្តមសាស្រ្តាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា នេះជាការរីកចម្រើនថ្មីមួយបន្ថែមទៀត លើវិស័យសុខាភិបាល ដែលសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត នៃព្រះរាជាណាចក្រកម្ពុជា បានយកចិត្តទុកដាក់ខ្ពស់ ដល់វិស័យសុខាភិបាល ដោយពង្រីកអគារមនី្ទរពេទ្យមិត្តភាពខ្មែរ-សូវៀត អគារថ្មីនេះ ដាក់គ្រែសម្រាប់ទទួលអ្នកជំងឺ បានចំនួន ១៥០គ្រែបន្ថែមទៀត សម្រាប់ពិនិត្យ ព្យាបាលជំងឺក្រពះ ពោះវៀន និងប្រព័ន្ធប្រសាទ។ ក្រៅពីការពង្រីកអគារមនី្ទរពេទ្យ យើងក៏បង្កើនសមត្ថភាពរបស់មនី្ទរពេទ្យនេះ ឲ្យក្លាយជាមនី្ទរពេទ្យថ្នាក់ជាតិធំមួយ។
ឯកឧត្តម រដ្ឋមន្រី្ត បានបន្ថែមទៀតថា ក្រៅពីនោះក្រសួងសុខាភិបាល ក៏បានពង្រីកមនី្ទរពេទ្យ នៅតាមបណ្តាខេត្តនានា ដូចជានៅខេត្តត្បូងឃ្មុំ សៀមរាប ឧត្តរមានជ័យ ប៉ៃលិន បាត់ដំបង រតនគីរី មណ្ឌលគីរី ដើម្បីគ្របដណ្តប់តាមភូមិសាស្រ្ត និងលើកកម្ពស់តាមជំនាញវិទ្យាសាស្រ្ត ជាពិសេសលើកកម្ពស់សុខុមាលភាពជូនមនុស្សចាស់ ស្រី្ត និងកុមារ។
សមិទ្ធផលថ្ងៃនេះ គឺជាការអភិវឌ្ឍរីកចម្រើន ចំពោះរូបឯកឧត្តម ផ្ទាល់ គឺជាការគោរពដឹងគុណជូនចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្ត ដែលលោកបានផ្តល់នូវសុខសន្តិភាព ស្ថេរភាពនយោបាយ ដែលឧបត្ថម្ភគាំទ្រ ជាពិសេសវិស័យសុខាភិបាលរបស់យើង សម្តេចតេជោ លើកទឹកចិត្តដល់មន្រី្តសុខាភិបាល ក្នុងការបំពេញការងារផ្តល់សេវាសុខាភិបាលជូនប្រជាពលរដ្ឋ ដោយមិនខ្លាចនឿយហត់ និងទទួលបានជោគជ័យជាបន្តបន្ទាប់ រួមជាមួយផ្នែកពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ទាំងអស់។
បើតាមលោកសាស្រ្តាចារ្យ ងី ម៉េង នាយកមនី្ទរពេទ្យមិត្តភាពខ្មែរ សូវៀត បានឲ្យដឹងថា សព្វថ្ងៃមានបងប្អូនប្រជាពលរដ្ឋ ក្មេង ចាស់ ប្រុស ស្រី ចន្លោះពី ៣០០០នាក់ ទៅ៤០០០នាក់ បានចូលមកមនី្ទរពេទ្យ ដើម្បីទទួលការពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺ នៅគ្រប់ផ្នែកទាំងអស់ ក្នុងនោះមានប្រជាពលរដ្ឋចន្លោះពី៧០០នាក់ ទៅ៨០០នាក់ បានសម្រាកព្យាបាលជម្ងឺក្នុងមនី្ទរពេទ្យ។ ដូច្នេះក្នុងនាមថ្នាក់ដឹកនាំមនី្ទរពេទ្យ មានចិត្តសប្បាយរីករាយនិងមោទនភាពណាស់ ក្នុងការបម្រើសុខភាពជូនប្រជាជន និងគោរពបាននូវភារកិច្ច និងគោលនយោបាយរាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃ និងគតិបណ្ឌិតរបស់សម្តេចតេជោ និងឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋ៕អត្ថបទ រដ្ឋា





