អាមេរិក៖ លោក ណេដ ប្រាយ អ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បាននិយាយថា ពួកគេមិនរំពឹងថា នឹងអាចសម្រេចបានជោគជ័យភ្លាមៗ ឬឆាប់រហ័សនោះទេ អំឡុងកិច្ចប្រជុំដោយប្រយោលលើការកំហិតកម្មវិធីនុយក្លេអ៊ែរអ៊ីរ៉ង់ ដែលនឹងចាប់ផ្ដើមនៅថ្ងៃស្អែកនេះនៅទីក្រុងវីយែន ប្រទេសអូទ្រីស។ លោក ប្រាយ បាននិយាយថា កិច្ចប្រជុំទាំងនេះ ពួកយើងគិតថា វាមិនមែនជាការងាយស្រួលនោះទេ។
លោកបន្តថា ពួកយើងពិតជាមានជំនឿថា កិច្ចពិភាក្សាទាំងនេះជាមួយដៃគូរបស់ពួកយើង ហើយដៃគូរបស់ពួកយើងពិភាក្សាជាមួយអ៊ីរ៉ង់ គឺជាការបោះជំហានដ៏មានសុខភាពមួយ។ គួរឲ្យដឹងថា អតីតប្រធានាធិបតី ដូណាល់ ត្រាំ បានដកសហរដ្ឋអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ កាលពីឆ្នាំ២០១៨ ដោយបានចោទប្រកាន់អ៊ីរ៉ង់ថា បានបោកប្រាស់ និងបានដាក់ទណ្ឌកម្មទាំងអស់មកវិញមកលើទីក្រុងតេអេរ៉ង់។ ជាការឆ្លើយតប អ៊ីរ៉ង់បានបង្កើនការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់ខ្លួន និងកសាងម៉ាស៊ីនបំបែកធាតុវីលីន ជាការបំពានលើកិច្ចព្រមព្រៀង ដែលពួកគេឈានដល់ជាមួយប្រទេសមហាអំណាច ៥+១ (អាមេរិក រុស្ស៊ី ចិន បារាំង អង់គ្លេស បូកអាល្លឺម៉ង់) កាលពីឆ្នាំ២០១៥កន្លងទៅ។ អ៊ីរ៉ង់អះអាងថា ការអភិវឌ្ឍន៍នុយក្លេអ៊ែររបស់ពួកគេ គឺក្នុងបុព្វហេតុស៊ីវិលតែប៉ុណ្ណោះ មិនមែនក្នុងគោលបំណងយោធាដូចការចោទប្រកាន់របស់ទីក្រុងវ៉ាស៊ីនតោននោះទេ។
អ៊ីស្រាអែល អារ៉ាប៊ីសាអូឌីត ប្រទេសសម្ព័ន្ធមិត្ត និងប្រទេសដៃគូយុទ្ធសាស្ត្រផ្សេងទៀតរបស់អាមេរិក មានការប្រុងប្រយ័ត្នឥតឈប់ឈរលើលទ្ធភាពរបស់អ៊ីរ៉ង់ ក្នុងការសម្រេចបានអាវុធនុយក្លេអ៊ែររបស់ពួកគេ ធ្វើឲ្យភាពតានតឹងឡើងកម្តៅខ្លាំងនៅក្នុងតំបន់ ជាកន្លែងដែលមានវត្តមាន និងការជ្រៀតជ្រែកជាញឹកញាប់របស់យោធាសហរដ្ឋអាមេរិក។ ទោះបីជាយ៉ាងណាក៏ដោយ ការចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូមរបស់អ៊ីរ៉ង់ ត្រូវបានគេមើលឃើញថា ជាសំពាធមួយឲ្យសហរដ្ឋអាមេរិកវិលត្រឡប់ មករកកិច្ចព្រមព្រៀងនុយក្លេអ៊ែរវិញ ក៏ដូចជាដកចេញទណ្ឌកម្មរបស់លោក ត្រាំ ដែលរួមទាំងវិធានការធនាគារ ក្នុងគោលដៅកាត់ផ្ដាច់ប្រទេសមួយនេះពីប្រព័ន្ធហិរញ្ញវត្ថុអន្តរជាតិ៕
អត្ថបទ៖ សារ៉ាត់