ភ្នំពេញ៖ មន្រ្តីជំនាញនៃក្រសួង វប្បធម៌ និងវិចិត្រសិល្បៈ មើលឃើញថា ការប្រើប្រាស់ភាសាខ្មែរ ក្នុងពេលបច្ចុប្បន្នគឺមានភាពឆកល្វែង ដែលបង្ករឱ្យមានការប្រើប្រាស់ខុស ទាំងក្នុងសំណេរ និងការអាន។ ជាដំណោះស្រាយមួយលើ បញ្ហានេះ មន្រ្តីជំនាញណែនាំឱ្យប្រើប្រាស់ វចនានុក្រម ជាគោល។
ជាការមើលឃើញនូវបញ្ហា កំហុសឆ្គងការប្រើប្រាស់ភាសាខ្មែរ ក្នុងពេលបច្ចុប្បន្ន ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏ដូចជាវត្តមានមន្រ្តីមកពីក្រសួងពាក់ព័ន្ធ និងបណ្ដាអ្នកជំនាញអក្សរសាស្រ្តខ្មែរ បានរៀបចំសិក្ខាសាលាស្តីពី “វិការភាពនៃការប្រើភាសាខ្មែរពេលបច្ចុប្បន្ន”។ កំហុសឆ្គងដែលសង្កេតឃើញមាន គឺនៅតាមទីសាធារណៈ ក្នុងប្រព័ន្ធផ្សព្វផ្សាយ ប្រព័ន្ធបណ្ដាញសង្គម ដែលបង្កជាបញ្ហាស្មុគស្មាញ។ បញ្ហាគឺមកពីការមើលរំលង ការមិនចាប់អារម្មណ៍ កង្វះការយកចិត្តទុកដាក់ របស់ខ្មែរជាម្ចាស់ភាសា។ នេះជាការលើកឡើងរបស់ លោក កុក រស់ ប្រធាននាយកដ្ឋានសៀវភៅ និងការអាន នៃក្រសួងវប្បធម៌។
លោក កុក រស់ បានលើកឡើងថា ដោយមើលឃើញកំហុសឆ្គងនេះ ទើបនាំឱ្យមានការជួបជុំគ្នា ក្នុងសិក្ខាសាលានេះ ដើម្បីលើកកម្ពស់គុណតម្លៃការប្រើប្រាស់ភាសាជាតិ ពញ្ញាក់ស្មារតីឱ្យយុវជនយល់ពីសារៈសំខាន់នៃភាសាជាតិចូលរួមថែរក្សាការពារ ភាសា អក្សររបស់ជាតិ។
ពាក់ព័ន្ធនឹងបញ្ហាកំហុសឆ្គងក្នុងការប្រើប្រាស់ភាសាខ្មែរនេះ ឯកឧត្តម គឹម ពីនន់ អនុរដ្ឋលេខាធិការនៃក្រសួងវប្បធម៌ ណែនាំឱ្យប្រើប្រាស់វចនានុក្រមសម្ដេចជួនណាត ជាគោល និងត្រូវធ្វើការរួមគ្នារវាងក្រសួងមួយចំនួនលើការងារផ្តោត ការនិយាយស្ដីឱ្យបានត្រឹមត្រូវ។
សម្រាប់សិក្ខាសាលានេះ អ្នកជំនាញមកពីវិស័យផ្សេងៗ លើកឡើងនូវប្រធានបទសំខាន់ចំនួន ៥ ផ្តោតលើ ការប្រើប្រាស់ភាសាក្នុងរូបសញ្ញាផ្សព្វផ្សាយជាសាធារណៈ ការប្រើប្រាស់ភាសាក្នុងប្រព័ន្ធផ្សព្វផ្សាយ ការប្រើប្រាស់ភាសាក្នុងការតែងនិពន្ធ ការប្រើភាសាសង្ឃសព្ទ រាជសព្ទ និងប្រជាសព្ទ និងក្រមសីលធម៌ក្នុងការប្រើប្រាស់ភាសាខ្មែរ៕ អត្ថបទ៖ គឹមហុក
