បាល់ទាត់៖ ក្លិបតោខៀវ Chelsea បានសំរេចបណ្តេញអ្នកចាត់ការ Thomas Tuchel ចេញពីតំណែងហើយចំថ្ងៃទី ១០០ នៃការចូលកាន់កាប់របស់ម្ចាស់ក្លិបថ្មី។ អតីតអ្នកចាត់ការ Dortmund និង PSG រូបនេះបានចាកចេញពី Stamford Bridge បន្ទាប់ពីឈ្នះពានសំខាន់ចំនួន ៣ ក្នុងរយៈពេល ២០ខែក្នុងតំណែង។
ការសំរេចបណ្តេញអ្នកចាត់ការសញ្ជាតិអាល្លឺម៉ង់រូបនេះគឺបន្ទាប់ពី Chelsea ចាញ់ប្រកួតដំបូងនៅ UEFA Champions League រដូវកាលនេះនៅទឹកដី Dinamo Zagreb និងបូករួមទាំងស្ថិតិមិនល្អនៅ English Premier League រដូវកាលនេះ។ លោក Tuchel បានមកកាន់តំណែងនៅ Stamford Bridge កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ ជំនួសលោក Frank Lampard និងបានដឹកនាំក្រុមឈ្នះជើងឯក UEFA Champions League ត្រឹមរយៈពេល ៤ខែក្នុងតំណែង។ ក្រោមការវិនិយោគដោយម្ចាស់ក្លិបថ្មីលោក Todd Boehly ដែលទិញភាគហ៊ុនក្លិបមកគ្រប់គ្រងពីសេដ្ឋីរុស្ស៊ី Roman Abramovich នោះ Chelsea បានចំណាយលុយ ២៥៥.៣លានផោនក្នុងការនាំចូលកីឡាករថ្មីដែលមានដូចជា Raheem Sterling ពី Manchester City ខ្សែការពារ Cucurella ពី Brighton ជាដើម។
Chelsea ចាប់ផ្តើមរដូវកាលនៅ English Premier League ក៏មិនល្អដែរដោយកំពុងឈរលេខ៦ ក្នុងតារាងឈ្នះ៣ ស្មើ១ ចាញ់២។ អ្នកចាត់ការដែលគេគិតថាអាចមកជំនួសតំណែងនៅ Stamford Bridge បន្តពី Thomas Tuchel មានដូចជាអ្នកចាត់ការ Brighton បច្ចុប្បន្នលោក Graham Potter, លោក Zinedine Zidane អតីតអ្នកចាត់ការ Real Madrid និង Mauricio Pochettino អតីតអ្នកចាត់ការ Spurs និង PSG៕
អត្ថបទ៖នាង សុភាវុធ