ទួរគី៖ កាលពីថ្ងៃពុធលោកប្រធានាធិបតីទួរគី Recep Tayyip Erdoğan បានរិះគន់លោកខាងលិចចំពោះគោលនយោបាយផ្អែកទៅលើការបង្ករឿងរបស់ខ្លួនជាមួយរុស្ស៊ី។
លោក Erdoğan បានថ្លែងនៅសន្និសីទសារព័ត៌មានក្នុងទីក្រុង Belgrade ប្រទេសស៊ែប៊ី ដោយមានការបកប្រែនៅក្នុងទីភ្នាក់ងារសារព័ត៌មាន Anadolu ថា ខ្ញុំនិយាយចំពោះប្រទេសទាំងឡាយដែលមើលស្រាលរុស្ស៊ី អ្នកកំពុងគិតខុសហើយ។ រុស្ស៊ីមិនមែនជាប្រទេសដែលអាចមើលស្រាលបានឡើយ។ លោកបានបន្ថែមថា ខ្ញុំអាចនិយាយដោយត្រង់ថា ខ្ញុំមើលមិនឃើញឥរិយាបថលោកខាងលិចចំពោះរុស្ស៊ីនៅពេលនេះទេ ដោយសារតែលោកខាងលិចផ្អែកទៅលើគោលនយោបាយបង្ករឿង។ លោកប្រធានាធិបតីទួរគីរូបនេះបានគូសបញ្ជាក់ថា លោកមើលមិនឃើញពីសញ្ញាបញ្ចប់ជម្លោះរុស្ស៊ី-អ៊ុយក្រែន ដែលបានឈានចូលដល់ជាងកន្លះឆ្នាំមកហើយនោះ។
យោងតាមវីដេអូ និងការបកប្រែពីសារព័ត៌មាន TRT World កាលពីថ្ងៃពុធ លោក Erdoğan បានរក្សាជំហរថា ប្រទេសទួរគីកំពុងដើតាមគោលនយោបាយបរទេស ដែលមានតុល្យភាពរវាងរុស្ស៊ី និងអ៊ុយក្រែន។ កាលពីដើមឆ្នាំនេះទួរគីបានជំទាស់ ការចូលជាសមាជិកសម្ព័ន្ធយោធាណាតូពីប្រទេសហ្វាំងឡង់ និងស៊ុយអែត ជាវិធានការរួបរួមសម្រាប់សម្ព័ន្ធយោធាមួយនេះ ឆ្លើយតបនឹងការវាយលុករបស់រុស្ស៊ីលើអ៊ុយក្រែន។ ទួរគីក៏បានធ្វើការជាមួយលោក Putin ដើម្បីសម្របសម្រួលការនាំចេញគ្រាប់ធញ្ញជាតិ កាត់តាមសមុទ្រខ្មៅដែលត្រូវបានបិទផងដែរ៕
អត្ថបទ៖ សុខមាន