វាយកូនបាល់៖ កីឡាករវាយកូនបាល់អាមេរិក Frances Tiafoe បានឈានឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រក្នុងព្រឹត្តិការណ៍ Grand Slam លើកដំបូងក្នុងអាជីពបន្ទាប់ពីជ័យជំនះលើកីឡាកររុស្ស៊ី Andrey Rublev នៅ US Open។

កីឡាករវ័យ ២៤ឆ្នាំអាមេរិករូបនេះបានយកឈ្នះដោយលទ្ធផលតានតឹងក្នុងសិតនីមួយៗ ៧-៦(៧-៣) ៧-៦(៧-០) និងសិតចុងក្រោយ ៦-៤។ Frances Tiafoe ដែលទំលាក់ Rafael Nadal មុនឡើងមកកាន់វគ្គនេះនឹងឡើងមកកាន់លំដាប់ Top20 លើកដំបូងក្នុងតារាងចំណាត់ថ្នាក់ពិភពលោកនៅដើមសប្តាហ៍ក្រោយ។

ចំណែកការប្រកួតផ្នែកនារីវិញ កីឡាការិនីលំដាប់លេខ ១ ពិភពលោក Iga Swiatek ក៏បានបន្តដំណើរឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែរ ក្រោយយកឈ្នះកីឡាការិនីម្ចាស់ផ្ទះអាមេរិក Jessica Pegula ដោយលទ្ធផល ២សិតផ្ទួនៗ ៦-៣និង ៧-៦(៧-៤)។ ជ័យជំនះនេះធ្វើឱ្យកីឡាការិនីប៉ូឡូញ Iga Swiatek បន្តដំណើរឡើងវគ្គ ៤នាក់ចុងក្រោយដោយត្រូវជួបជាមួយកីឡាការិនីបេឡារុស Aryna Sabalenka ដែលបានយកឈ្នះកីឡាការិនីឆែក Karolina Pliskova៕
អត្ថបទ៖នាង សុភាវុធ