ឧត្តរមានជ័យ៖ បើតាមការឱ្យដឹងពីឯកឧត្តម ទេសរដ្ឋមន្រ្តី គន់ គីម អនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានប្រាប់BTV ថា បន្ទាប់ពីមានភ្លៀងធ្លាក់រយៈពេលជិតមួយសប្តាហ៍ ក្នុងឃុំអន្លង់វែង ស្រុកអន្លង់វែង មានការជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋប្រមាណ ១០គ្រួសារ ដែលរស់នៅប្របតាមស្ទឹង និងទីទួលទំនាបមួយចំនួន។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បញ្ជាក់ថា យោងតាមការព្យាករណ៍របស់ក្រសួងធនធានទឹក និងឧតុនិយម សង្កេតឃើញថា ខេត្តតាមបណ្តោយព្រំដែនកម្ពុជា-ថៃ មានភ្លៀងបន្តធ្លាក់តែតំបន់មួយចំនួន ប៉ុន្តែពុំទាន់មានស្ថានភាពធ្ងន់ធ្ងរនោះទេ។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បន្ថែមថា ភ្លាមៗបន្ទាប់ពីជំនន់ទឹកភ្លៀងបង្កផលប៉ះពាល់ផ្ទះសម្បែងបងប្អូនប្រជាពលរដ្ឋ យុវជនគណបក្សឃុំ និងស្រុក បានសហការគ្នានាំយកអំណោយជាគ្រឿងឧបភោគ បរិភោគជូនប្រជាពលរដ្ឋ ដើម្បីដោះស្រាយការលំបាកដោយសារបញ្ហាជំនន់ទឹកភ្លៀង។
ឯកឧត្តម ទេសរដ្ឋមន្រ្តី បានណែនាំដល់កងឯកភាព អាជ្ញាធរមូលដ្ឋាន និងយុវជនគណបក្សឃុំ និងស្រុក បន្តសហការគ្នា ចុះតាមដានជាប្រចាំនៅតំបន់ប្រជាពលរដ្ឋរស់នៅ ឬផ្ទះសម្បែងប្រជាពលរដ្ឋក្បែរតំបន់ជន់លិចនោះ ដើម្បីត្រៀមអន្តរាគមន៍ជួយ ក្នុងករណីមានស្ថានភាពធ្ងន់ធ្ងរផងដែរ៕






