ភ្នំពេញ ៖ ក្រុមការងារគ្រូពេទ្យ នៃការិយាល័យសុខាភិបាល ស្រុកប្រតិបតិ្តមេគង្គ(ហៅកាត់ODមេគង្គ) នៃមនី្ទរសុខាភិបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរមូលដ្ឋាន បានស្ពាយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចុះចាក់ជូនប្រជាពលរដ្ឋ និងវ៉ាក់សាំងបង្ការជំងឺ១១មុខ ជូនកុមារទើបនឹងកើត រហូតដល់១៨ខែ នៅតាមផ្សារ ទីប្រជុំនានា ក្នុងមូលដ្ឋានខណ្ឌឬស្សីកែវ។
លោកវេជ្ជបណ្ឌិត ប្រាក់ សុវណ្ណ ប្រធានកម្មវិធីផ្តល់ថ្នាំបង្ការការិយាល័យស្រុកប្រតិបត្តិមេគង្គ ប្រាប់BTV ព័ត៌មាន នាព្រឹកថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២២នេះថា ក្រុមការងារគ្រូពេទ្យរបស់យើង បានចុះចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនប្រជាពលរដ្ឋ និងវ៉ាក់សាំងការពារជំងឺ១១មុខ ជូនកុមារ ដែលទើបនឹងកើត រហូតដល់១៨ខែ នៅតាមទីផ្សារ ទីប្រជុំជន ខ្នងផ្ទះសហគមន៍រស់នៅរបស់ពួកគាត់ និងឈានដល់ការស្ពាយយកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ទៅចាក់ជូនសិស្សានុសិស្សដល់ក្នុងសាលារៀន ដើម្បីផ្តល់វ៉ាក់សាំងបង្ការជំងឺជូនពួកគាត់ ដែលមិនបានទទួលពេញលេញ ហើយប្រសិនបើកុមារខ្វះនៅវ៉ាក់សាំងការពារជំងឺណាមួយ ក្រុមគ្រូពេទ្យចាក់វ៉ាក់សាំងជូនកុមារភ្លាមៗតែម្តង។ ហើយការចាក់វ៉ាក់សាំងកូវីដ-១៩នេះទៀតសោត ប្រសិនបើបងប្អូនប្រជាពលរដ្ឋ ក្មេង ចាស់ ប្រុស ស្រី មិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ គឺក្រុមគ្រូពេទ្យ ក៏ត្រូវចាក់វ៉ាក់សាំងជូនពួកគាត់ផងដែរ ដោយចាប់ពីដូសមូលដ្ឋាន រហូតដល់ដូសជំរុញ។
ជាមួយគ្នានោះដែរ លោក ចៅសង្កាត់ឬស្សីកែវ បានលើកឡើងថា ថ្ងៃនេះពិតជាសប្បាយរីករាយ ដោយវត្តមានរបស់ក្រុមការងារគ្រូពេទ្យ នាំយកវ៉ាក់សាំងគ្រប់មុខ ចុះមកចាក់វ៉ាក់សាំងជូនក្មេង ចាស់ ប្រុស ស្រី ដើម្បីឲ្យបងប្អូនប្រជាពលរដ្ឋក្នុងសង្កាត់ឬស្សីកែវនេះ មានសុខភាពល្អ បរិបូរពេញលេញ។
ទន្ទឹមនឹងនោះ បងប្អូនប្រជាពលរដ្ឋរស់នៅក្នុងខណ្ឌឬស្សីកែវ បានបង្ហាញពីកី្តសប្បាយរីករាយ ដោយទទួលបានការយកចិត្តខ្ពស់ពីក្រុមគ្រូពេទ្យ OD មេគង្គ រួមនិងអាជ្ញាធរមូលដ្ឋានបានចុះមកដល់ផ្ទះពួកគាត់ផ្ទាល់ ដើម្បីចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ចាប់ពីដូសមូលដ្ឋាន រហូតដល់ដូសជំរុញ ព្រមទាំងចាក់វ៉ាក់សាំងការពារជំងឺ១១មុខជូនកូនៗរបស់ពួកគាត់ផងដែរ។
ជាចុងក្រោយលោកវេជ្ជបណ្ឌិត ប្រាក់ សុវណ្ណ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ មិនថាស្រី្ត ឬកុមារនោះទេ សុំមកចូលរួមទទួលយកវ៉ាក់សាំងបង្ការជំងឺឲ្យបានគ្រប់ៗគ្នា និងជៀសផុតពីជំងឺដ៏កាចសាហាវនេះ ដើម្បីឲ្យប្រទេសកម្ពុជា ទទួលបានជោគជ័យក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ផងដែរ៕ អត្ថបទ ៖ រដ្ឋា













