ភ្នំពេញ៖ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសពីការចាប់ផ្ដើមទទួលពាក្យ ចូលរួមប្រកួតប្រជែងវីដេអូ ដើម្បីចូលរួមប្រកួតប្រជែងក្នុងមហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣ ឆ្នាំ២០២២។
ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានប្រកាសរៀបចំ មហោស្រពជាតិភាពយន្តខ្នាតខ្លីកម្ពុជាលើកទី៣ ឆ្នាំ២០២២ ក្រោមពាក្យស្លោក “ភាពយន្តខ្នាតខ្លីជាជំហានឆ្ពោះទៅកាន់ភាពយន្តខ្នាតវែង”។
សម្រាប់មហោស្រពភាពយន្តនេះ គឺបើកឱកាសឱ្យយុវជន ផលិតករ និងប្រជាពលរដ្ឋទូទៅ ចូលរួមដាក់ពាក្យនាំយកស្នាដៃវីដេអូរបស់ខ្លួន ដើម្បីប្រកួតក្នុងមហោស្រព។ ការទទួលពាក្យ គឺចាប់ផ្ដើមពីថ្ងៃទី៨ ខែកញ្ញានេះរហូតដល់ថ្ងៃទី ១៥ ខែវិច្ឆិកា។
ភាពយន្តខ្នាតខ្លី ដែលអាចមានសិទ្ធិចូលរួមប្រកួត ត្រូវមានខ្លីមសារគោលចំនួន ២គឺ វប្បធម៌ ការអភិវឌ្ឍសង្គម ដែលត្រូវឆ្លុះបញ្ចាំងពីទិដ្ឋភាពសង្គម បង្កប់ដោយអត្តសញ្ញាណជាតិ រួមមានចំណេះដឹងជំនឿសាសនា សិល្បៈប្រពៃណី ទំនៀមទម្លាប់ ដែលទាក់ទងនិងជិវិតប្រចាំថ្ងៃ។
ខ្លឹមសារមួយទៀត គឺភាពឆ្នៃប្រឌិតនិងការបង្កើតថ្មី ដែលផ្តោតលើភាពស្រមើស្រម៉ៃ បំណងប្រាថ្នា អារម្មណ៍ផ្លូវចិត្ត ការស្រលាញ់ ទំនាក់ទំនងក្នុងសង្គម ដោយបង្កប់គំនិតទស្សនវិជ្ជាទំនើប។
ក្រៅកំណត់លើខ្លឹមសារ មហោស្រពភាពយន្តជាតិខ្នាតខ្លីនេះ ក៏កំណត់ដែរថា អ្នកនិពន្ធ អ្នកដឹកនាំត្រូវតែជាជនជាតិខ្មែរ ហើយវីដេអូត្រូវតែជាវីដេអូ ដែលផលិតចាប់ពីឆ្នាំ២០១៨មក មិនត្រូវវែងជាង ៣០នាទី និងត្រូវតែជាវីដេអូថ្មី ដែលមិនធ្លាប់ដាក់ប្រកួតពីមុនមក។
ចំពោះភាពយន្តខ្នាតខ្លី ដែលបានដាក់ចូលរួមប្រកួត គឺនឹងដាក់បញ្ចាំងនៅ សាលចតុម្មុខ រយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី ១៧ដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២។ រីឯវគ្គផ្ដាច់ព្រ័ត គឺនឹងរៀបចំឡើងនៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២ ដោយក្រុមជយលាភី នឹងទទួលបានពានរង្វាន់ និងមានឱឝាសចូលរួមក្នុងមហោស្រពភាពយន្តថ្នាក់តំបន់ និងអន្តរជាតិ៕ អត្ថបទ៖ គឹមហុក