ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ កញ្ញា ឆ្នាំ២០២២នេះ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយច្បាប់ និងការអនុវត្តច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការធ្វើធុរកិច្ចប្រេងឥន្ធនៈ ជូនដល់អាជីវករដែលជាម្ចាស់ស្ថានីយ និងដេប៉ូប្រេងឥន្ធនៈនៅទូទាំងរាជធានីភ្នំពេញ។
សិក្ខាសាលាផ្សព្វផ្សាយនេះ បានប្រារព្ធធ្វើឡើងក្រោមវត្តមាន ឯកឧត្តម ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ និងឯកឧត្តម ហួត ហៃ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ តំណាងមន្ទីរអង្គភាពជុំវិញរាជធានីភ្នំពេញ និងពាណិជ្ជករដែលប្រកបអាជីវកម្មវិស័យប្រេងឥន្ធនៈក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ។
នៅក្រោយចប់ពិធីសិក្ខាសាលានេះ ឯកឧត្តម ផាន អូន បានបញ្ជាក់ប្រាប់ក្រុមអ្នកសារព័ត៌មានថា នេះគឺជាវេទិកាមួយដ៏មានសារៈសំខាន់ ដែលមិនត្រឹមតែផ្តល់នូវការយល់ដឹងផ្នែកច្បាប់និងបទប្បញ្ញត្តិពាក់ព័ន្ធ ពិសេសច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ប៉ុណ្ណោះទេ ប៉ុន្តែ ថែមជាការផ្តល់ឱកាសឱ្យសមត្ថកិច្ច ដែលជាអ្នកអនុវត្តច្បាប់ និងធុរជនដែលជាអាជីវករប្រកបអាជីវកម្មក្នុងវិស័យប្រេងឥន្ធនៈ ផ្លាស់ប្តូរយោបល់និងបទពិសោធន៍ លើកឡើងអំពីបញ្ហាប្រឈមនិងសំណូមពរដើម្បីរួមគ្នាដោះស្រាយ ក្នុងគោលបំណងជំរុញ និងលើកកម្ពស់ការអនុវត្តច្បាប់កាន់តែមានប្រសិទ្ធិភាព។
ឯកឧត្តម ហួត ហៃ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានចាត់ទុកការផ្សព្វផ្សាយច្បាប់ខាងលើនេះថា ពិតជាសំខាន់ណាស់ និងប្រយោជន៍ខ្លាំងណាស់ ដើម្បីឲ្យអ្នកអនុវត្ត និងប្រតិបត្តិករទាំងអស់ បានយល់ដឹងកាន់ តែច្បាស់ ជៀសវាងការប្រព្រឹត្តិណាមួយមានកំហុសដោយអចេតនា ក៏ដូចជាជួយការពាដល់អ្នកប្រើប្រាស់ ចូលរួមចំណែក កាត់បន្ថយភាពក្រីក្រនិងរួមគ្នាលើកកម្ពស់សេដិឋកិច្ចជាតិផងដែរ។
ឯកឧត្តម ក៏បានជំរុញឲ្យមន្ត្រីពាក់ព័ន្ធ និងមន្ត្រីអនុវត្ត បន្តយកចិត្តទុកដាក់ខ្ពស់បំពេញការងារនេះអោយបានសុក្រិត្យ ត្រឹមត្រូវ ក្នុងគោលដៅការពារផលប្រយោជន៍ប្រជាពលរដ្ឋ និងប្រសិទ្ធភាពការងារ៕ អត្ថបទ៖ ឈិត បូរ៉ាវី