ភ្នំពេញ៖ ក្រសួងសុខាភិបាលបានប្រកាសនៅរសៀលថ្ងៃនេះថា បុរសជនជាតិខ្មែរម្នាក់ទៀតអាយុ ៣៥ឆ្នាំ បានស្លាប់ដោយសារជំងឺកូវីដ១៩នៅព្រឹកថ្ងៃម្សិលមិញនេះនៅមុនពេលបញ្ជូនទៅដល់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត។
ក្នុងសេចក្ដីប្រកាសព័ត៌មាន ក្រសួងសុខាភិបាលនិយាយថា បុរសខ្មែររូបនេះដែលរស់នៅក្នុងស្រុកមេសាង ខេត្តព្រៃវែង ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតក្នុងស្ថានភាបសន្លប់បាត់ស្មារតី និងគ្មានសញ្ញាជីវិត។
បើតាមក្រសួងសុខាភិបាល ការវិនិច្ឆ័យសំណាករបស់បុរសកម្ពុជារូបនេះ បង្ហាញថា គាត់ឆ្លងមេរោគកូវីដ១៩ ក្រោយពីមរណភាពរបស់គាត់។
តួលេខចេញដោយក្រសួងសុខាភិបាល បានឱ្យដឹងថាតួលេខមនុស្សស្លាប់ដោយជំងឺកូវីដ១៩នៅកម្ពុជា បានកើនឡើងដល់ចំនួន ២២នាក់ហើយនៅគិតចាប់តាំងពីថ្ងៃទី១១ ខែមីនាកន្លងមកនេះ ដែលកម្ពុជាមានករណីស្លាប់លើកដំបូង៕អត្ថបទ ៖ សុធី