នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២២នេះ គណៈរដ្ឋមន្រ្តីបានបើកកិច្ចប្រជុំពេញអង្គ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួន។
របៀបវារៈដែលបានលើកយកមកពិភាក្សា និងឆ្លង ដើម្បីដាក់ជូនទៅស្នើសុំការយល់ព្រមពីស្ថាប័ននីតិប្បញ្ញត្តិ នៅពេលនេះ រួមមាន៖
-សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍កម្ពុជា២០២២-២០៣០។
-សេចក្តីព្រាងរបាយការណ៍ពាក់កណ្ដាលអាណត្តិឆ្នាំ២០២១ នៃការអនុវត្តផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ជាតិ (ផ.យ.អ.ជ) ២០១៩-២០២៣។
-សេចក្តីព្រាងគោលនយោបាយជាតិអភិវឌ្ឍន៍វិស័យកសិកម្មឆ្នាំ២០២២-២០៣០។
និងបញ្ហាផ្សេងៗ សំណើរសុំការយល់ព្រមពីគណៈរដ្ឋមន្រ្តី ដើម្បីសុំការអនុម័តពីស្ថាប័ននីតិប្បញ្ញត្តិលើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើ ពិធីសារទីបួនស្តីពីវិសោធនកម្មកិច្ចព្រមព្រៀងវិនិយោគទូលំទូលាយអាស៊ាន។
គួរបញ្ជាក់ថា ចំពោះសេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍កម្ពុជា២០២២-២០៣០នោះ វិស័យនេះត្រូវបានចាត់ទុក មានសក្ដានុពល ក្នុងការចូលរួមចំណែកដល់ការទ្រទ្រង់កំណើនសេដ្ឋកិច្ច និងការលើកកម្ពស់គុណភាពជីវិតរបស់ប្រជាជននៅកម្ពុជា ដោយបានផ្សារភា្ជប់ជាមួយជីវភាព ប្រចាំថ្ងៃ នៅទីក្រុង និងជនបទ។ ជាមួយនឹងការរីកចម្រើនសេដ្ឋកិច្ច ការវិវត្ត នៃបច្ចេកវិទ្យា ក៏ដូចជាបែបផែនជីវិត និងរបៀបរបបរស់នៅក្នុងសង្គម ការផ្ញើសំបុត្រសម្រាប់ទំនាក់ទំនងគ្នាមានការធ្លាក់ចុះយ៉ាងខ្លាំង នៅក្នុងប្រទេសកម្ពុជា ក៏ដូចជានៅលើពិភពលោក ដោយជំនួសមកវិញ ការផ្ញើបញ្ញើជាកញ្ចប់ទាំងក្នុងប្រទេស រវាងប្រទេសនិងប្រទេស ត្រូវបានមើលឃើញថាមាននិន្នាការកើនឡើងយ៉ាងឆាប់រហ័សស្របទៅនឹងការហក់ឡើងនៃពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រួនិក។
ទន្ទឹមគ្នានេះដែរ វឌ្ឍនភាពនៃវិស័យផ្សេងៗ ការកើនឡើងនៃការប្រើប្រាស់សេវាអ៊ីនធឺណិត និងបណ្ដាញ សង្គមព្រមទាំងពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិកបានបង្កើតកាលានុវត្តភាព សម្រាប់ទីផ្សារសេវាប្រៃសណីយ៍ ក៏ដូចជាលក្ខខណ្ឌអំណោយផលសម្រាប់ជំរុញការអភិវឌ្ឍវិស័យប្រៃសណីយ៍នៅកម្ពុជា។ ការអភិវឌ្ឍវិស័យនេះ នៅជួបប្រទះបញ្ហាប្រឈមចម្បងៗជាច្រើនដែលត្រូវដោះស្រាយ ក្នុងនោះវិសាលភាពនៃការផ្តល់សេវាប្រៃសណីយ៍ នៅពុំទាន់បានគ្របដណ្ដប់ទូលំទូលាយ ការអភិវឌ្ឍរបស់សហគ្រាសប្រៃសណីយ៍កម្ពុជា និងបណ្ដាញប្រៃសណីយ៍នៅមានកម្រិតនៅឡើយ ការធ្វើអាជីវកម្ម លើការផ្តល់សេវាបញ្ញើរបស់ផ្នែកឯកជន ពុំទាន់ត្រូវបានគ្រប់គ្រងឱ្យបានពេញលេញ និងល្អប្រសើរ គួបផ្សំនឹងការខ្វះខាតក្របខណ្ឌគោលនយោបាយ លិខិតបទដ្ឋានគតិយុត្ត ការធ្វើពិពិធកម្មសេវាយន្តការគ្រប់គ្រង យន្តការលើកកម្ពស់គុណភាពសេវា ក៏ដូចជាភាពយឺតយ៉ាវ នៃចាប់យក បច្ចេកវិទ្យា។
ហេតុដូច្នេះ ការកសាងគោលនយោបាយអភិវឌ្ឍនៃវិស័យប្រៃសណីយ៍ ពិតជាមានសារៈសំខាន់សម្រាប់ជាប្រទីបបង្ហាញផ្លូវលើការរៀបចំផែនការសកម្មភាពជាអាទិភាព ដើម្បីឆ្លើយតបទៅនឹងនិន្នាការវិវត្តនៃ
តម្រូវការទាំងក្នុងផ្នែកសង្គម និងផ្នែកសេដ្ឋកិច្ច ស្របទៅនឹងក្របខណ្ឌ អភិវឌ្ឍន៍ប្រៃសណីយ៍អន្តរជាតិ សំដៅពង្រីក វិសាលភាពសេវាប្រៃសណីយ៍ប្រកបដោយគុណភាព ប្រសិទ្ធភាព និងចីរភាពជូនប្រជាជន។គោលនយោបាយនេះមានចក្ខុវិស័យ អភិវឌ្ឍវិស័យប្រៃសណីយ៍ និងទីផ្សារសេវាប្រៃសណីយ៍ ដើម្បីបម្រើធុរកិច្ចសហគ្រាស និងប្រជាជនប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងនវានុវត្តន៍ សំដៅចូលរួមការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចជាតិ។
គោលនយោបាយនេះមាន គោលបំណង ពង្រឹងនិងពង្រីកការផ្តល់សេវាប្រៃសណីយ៍ឱ្យបានទូលំទូលាយប្រកបដោយគុណភាព ប្រសិទ្ធភាព ប្រសិទ្ធផល សុវត្ថិភាព និងភាពជឿទុកចិត្ត ព្រមទាំងគាំទ្រការធ្វើពិពិធកម្មសេវាប្រៃសណីយ៍ និងការធ្វើអាជីវកម្មផ្តល់សេវាក្នុងវិស័យប្រៃសណីយ៍ ជាមួយនឹងការជំរុញការធ្វើទំនើបកម្ម និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីរួមចំណែកទ្រទ្រង់ការអភិវឌ្ឍពាណិជ្ជកម្ម តាមប្រព័ន្ធអេឡិចត្រូនិក និងគាំទ្រដល់ពិពិធកម្មសេដ្ឋកិច្ចកម្ពុជា៕









