អង់គ្លេស៖ នេះគឺជាពេលវេលាដែលក្រុមអ្នកកាន់មរណទុក្ខនៅខាងក្រៅព្រះបរមរាជវាំង Buckingham បានចាប់ផ្ដើមស្រែកច្រៀងចម្រៀងជាតិ និង ‘God Save the King’ ក្រោយការយាងសោយព្រះពិរាល័យរបស់ម្ចាស់ក្សត្រី Elizabeth ទីII។

រាជវង្សអង់គ្លេសបានប្រកាសដល់ពិភពលោក តាមរយៈសេចក្ដីថ្លែងការណ៍ខ្លីមួយលើបណ្ដាញសង្គមថា ក្សត្រដ៏ជាទីស្រឡាញ់បានសោយព្រះពិរាល័យហើយនៅថ្ងៃនេះក្នុងព្រះជន្មាយុ ៩៦ព្រះវស្សា។ មនុស្សរាប់រយនាក់បានប្រមូលផ្ដុំគ្នារួចទៅហើយនៅកណ្ដាលទីក្រុងឡុងដ៍ ជាការត្រៀមទទួលយកព័ត៌មានដ៏សោកសៅ។ រូបភាពបានបង្ហាញពីក្រុមមនុស្សសម្រក់ទឹកភ្នែកកំពុងស្រែកច្រៀងចម្រៀងជាតិភ្លាមៗ ក្រោយការប្រកាសដំណឹងពីការយាងសោយព្រះពិរាល័យ។

អ្នកលេងបណ្ដាញសង្គមម្នាក់ឈ្មោះ Anna Stewart បានសរសេរនៅលើបណ្ដាញសង្គម Twitter ថា មានពិធីស្មឹងស្មាតនៅខាងក្រៅព្រះបរមរាជវាំង Buckingham ខណៈដំណឹងនេះត្រូវបានផ្សព្វផ្សាយភ្លាមៗ បន្ទាប់មកក្រុមមនុស្សបានស្រែកច្រៀងថា God Save the King។ រយៈពេល ៧០ឆ្នាំហើយដែលជនជាតិអង់គ្លេសស្គាល់ពាក្យពេចន៍នៃបទចម្រៀងរាជវង្ស God Save the Queen។ មិនត្រឹមតែប្រជាពលរដ្ឋនៅក្នុងចក្រភពអង់គ្លេសប៉ុណ្ណោះ ថែមទាំងនៅជុំវិញកំពុងកាន់មរណទុក្ខចំពោះការយាងចូលសោយព្រះពិរាល័យរបស់ព្រះម្ចាស់ក្សត្រី Elizabeth II៕
អត្ថបទ៖ សុខមាន