ស៊ីហ្គេម៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ (CAMSOC) នៅថ្ងៃទី០៨ ខែកញ្ញាម្សិលមិញបានកោះប្រជុំជាមួយគណៈកម្មការ និងភាគីពាក់ព័ន្ធដើម្បីត្រៀមធ្វើម្ចាស់ផ្ទះរៀបចំមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីលើកទី៤១ (41st OCA General Assembly) ដែលធ្វើឡើងនៅរាជធានីភ្នំពេញចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០២២ ខាងមុខ។
កិច្ចប្រជុំនេះដឹកនាំដោយឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC និងជាអនុប្រធានប្រចាំការរៀបចំមហាសន្និបាត OCA ដើម្បីបញ្ជាក់ពីតួនាទីភារកិច្ច និងការទទួលខុសត្រូវរបស់គណៈកម្មការនីមួយៗ ក្នុងការរៀបចំ ទាំងការស្នាក់នៅ ហូបចុក ដឹកជញ្ជូន ទទួលបដិសណ្ឋារកិច្ច និងការរៀបចំដំណើរទស្សនកិច្ចដល់ភ្ញៀវអន្ដរជាតិ ដែលនឹងមកចូលរួមមហាសន្និបាតដ៏ធំនៅកម្ពុជានេះ។ ឯកឧត្តម វ៉ាត់ ចំរើន មានប្រសាសន៍ថា ដោយមានការចង្អុលបង្ហាញដ៏ខ្ពង់ខ្ពស់របស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ក៏ដូចជាឯកឧត្តមរដ្ឋមន្ដ្រី ថោង ខុន អនុប្រធានអចិន្ដ្រៃយ៍ CAMSOC គណៈកម្មការនីមួយៗបានត្រៀមខ្លួនរួចរាល់ ដើម្បីស្វាគមន៍ឥស្សរជនកីឡា និងថ្នាក់ដឹកនាំកីឡាទាំង ៤៥ប្រទេសក្នុងទ្វីបអាស៊ី ក៏ដូចជាថ្នាក់ដឹកនាំមកពីអង្គការកីឡាធំៗលើពិភពលោក ដើម្បីបង្ហាញពីស្ថានភាពពិត និងសក្ដានុពលជាតិដល់បណ្ដាប្រទេសចូលរួម។
គួរដឹងថា ការទទួលសិទ្ធធ្វើម្ចាស់ផ្ទះរៀបចំមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីលើកទី៤១ ក្រោយទទួលបានការអនុញ្ញាតជាគោលការណ៍ដ៏ខ្ពង់ខ្ពស់ពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាកាលពីថ្មីៗ ដែលតាមគម្រោងនឹងមានប្រតិភូកីឡាមកពីបណ្ដាប្រទេសទាំង ៤៥ ក្នុងទ្វីបអាស៊ី និងភ្ញៀវអន្ដរជាតិមកពីជុំវិញពិភពលោកប្រមាណ ៤០០នាក់ចូលរួម។ តាមរយៈការធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ប្រចាំឆ្នាំ របស់ស្ថាប័នកីឡាដ៏ធំប្រចាំទ្វីបអាស៊ីនេះ សម្ដេចពិជ័យសេនា ទៀ បាញ់ បានផ្តល់អនុសាសន៍ឲ្យអ្នកជំនាញកម្ពុជា ខិតខំស្វែងរកការគាំទ្រពីអន្តរជាតិឲ្យបានពេញទំហឹង សម្រាប់គោលដៅធ្វើម្ចាស់ផ្ទះស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមឆ្នាំ២០២៣ និងការធ្វើម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ីឆ្នាំ២០២៩ នៅកម្ពុជា៕
អត្ថបទ៖ លី ឈុនឡា