អង់គ្លេស៖ នាយករដ្ឋមន្ត្រីថ្មីចក្រភពអង់គ្លេសលោកស្រី Liz Truss និងមេដឹកនាំពិភពលោកបច្ចុប្បន្នរួមមានលោក Joe Biden និងលោក Justin Trudeau រួមជាមួយអតីតប្រមុខរដ្ឋដូចជាលោក Tony Blair និងលោក Barack Obama និងមេដឹកនាំច្រើនរូបទៀតបានគោរពព្រះវិញ្ញាណក្ខន្ធម្ចាស់ក្សត្រី Elizabeth II បន្ទាប់ពីទ្រង់បានយាងសោយព្រះពិរាល័យក្នុងជន្មាយុ ៩៦ព្រះវស្សា។
ព្រះរាជវាំងបានប្រកាសថា ម្ចាស់ក្សត្រីបានយាងសោយព្រះពិរាល័យនៅប្រាសាទ Balmoral ក្នុងដែនដីស្កុតឡែន ជាកន្លែងដែលសមាជិកគ្រួសាររាជវង្សបានធ្វើដំណើរទៅទីនោះ បន្ទាប់ពីព្រះរាជសុខភាពរបស់ទ្រង់កាន់តែធ្ងន់ធ្ងរ។ ពលរដ្ឋជាច្រើនបានប្រមូលផ្តុំគ្នានៅខាងក្រៅរាជវាំង Buckingham នៅក្រោមដំណក់ទឹកភ្លៀងធ្លាក់ ហើយសមាជិកមួយចំនួនបានយំនៅពេលដែលមន្ត្រីបានជូនដំណឹងបញ្ជាក់ ពីការយាងសោយព្រះពិរាល័យរបស់ព្រះមហាក្សត្រីនៅច្រកទ្វាររាជវាំងនៅក្នុងទីក្រុងឡុងដ៍។ មហាសន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍ បានគោរពព្រះវិញ្ញាណក្ខន្ធម្ចាស់ក្សត្រី Elizabeth II របស់ចក្រភពអង់គ្លេសដោយរក្សាភាពស្ងៀមស្ងាត់មួយនាទី។ នាយករដ្ឋមន្ត្រីថ្មីចក្រភពអង់គ្លេសលោកស្រី Liz Truss បានចេញសេចក្តីថ្លែងការណ៍មួយដែលនិយាយថា "យើងទាំងអស់គ្នាមានក្តីរន្ធត់ចំពោះព័ត៌មានដែលយើងទទួលបានពីប្រាសាទ Balmoral ដែនដីស្កុតឡែន។ ការយាងសោយព្រះពិរាល័យរបស់ព្រះមហាក្សត្រី ជាភាពតក់ស្លុតយ៉ាងខ្លាំងដល់ប្រជាជាតិ និងពិភពលោក។

ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Bidens បានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ថា ម្ចាស់ក្សត្រី Elizabeth II គឺលើសពីព្រះមហាក្សត្រ។ ទ្រង់បានកំណត់សម័យកាលមួយ។ នៅក្នុងពិភពលោកដែលមានការផ្លាស់ប្តូរឥតឈប់ឈរ ទ្រង់ធ្វើឲ្យមានវត្តមានដ៏ស្ថិតស្ថេរ និងជាប្រភពនៃភាពសុខដុមរម្យនា និងមោទនភាពសម្រាប់ប្រជាជនអង់គ្លេសជាច្រើនជំនាន់។ នាយករដ្ឋមន្ត្រីកាណាដាលោក Justin Trudeau បានសរសេរនៅក្នុងបណ្តាញសង្គម Twitter ថា វាពិតជាតក់ស្លុតក្នុងចិត្តខ្លាំងបំផុតដែលយើងបានទទួលដំណឹង ពីការយាងសោយព្រះពិរាល័យរបស់ព្រះមហាក្សត្រី Elizabeth II ដែលសោយរាជ្យយូរបំផុតរបស់ចក្រភពអង់គ្លេស។ ទ្រង់មានវត្តមានជាប់ក្នុងជីវិតរបស់យើង ហើយការបំពេញរាជកិច្ចរបស់ទ្រង់ចំពោះប្រជាជនកាណាដា នឹងនៅតែជាផ្នែកដ៏សំខាន់នៃប្រវត្តិសាស្ត្ររបស់ប្រទេសយើងជារៀងរហូត។ ប្រធានាធិបតីបារាំងលោក Emmanuel Macron បានសរសេរលើបណ្តាញសង្គម Twitter ថា ម្ចាស់ក្សត្រី Elizabeth II តំណាងឱ្យការបន្ត និងសាមគ្គីភាពរបស់ប្រទេសអង់គ្លេសអស់រយៈពេលជាង ៧០ឆ្នាំ។ ខ្ញុំចងចាំទ្រង់ជាមិត្តរបស់ប្រទេសបារាំង ជាមហាក្សត្រីដែលមានចិត្តសប្បុរស ដែលបានបន្សល់ទុកនូវការចាប់អារម្មណ៍ដ៏យូរអង្វែងសម្រាប់ប្រទេស។

ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy ថ្លែងថា វាគឺជាការសោកសៅយ៉ាងខ្លាំងដែលយើងបានទទួលដំណឹង ពីការយាងសោយព្រះពិរាល័យរបស់ព្រះមហាក្សត្រី Elizabeth II។ ក្នុងនាមប្រជាជន យើងសូមចូលរួមរំលែកទុក្ខយ៉ាងស្មោះស្ម័គ្រចំពោះគ្រួសាររាជវង្សរបស់ចក្រភពអង់គ្លេស និងប្រជាជនចំពោះការបាត់បង់ដែលមិនអាចជំនួសបាន។ នាយករដ្ឋមន្ដ្រីអូស្ត្រាលីលោក Anthony Albanese បានសម្តែងភាពសោកសៅចំពោះការយាងសោយព្រះពិរាល័យរបស់ព្រះមហាក្សត្រី Elizabeth II។ លោក Anthony Albanese ថ្លែងថា ថ្ងៃនេះជាការបង្ហាញការបញ្ចប់នៃយុគសម័យមួយ ជាការបិទនៃយុគសម័យ Elizabethan ទីពីរ។ ពេលវេលានៃការកាន់ទុក្ខនេះនឹងកន្លងផុតទៅ ប៉ុន្តែការគោរពដ៏ជ្រាលជ្រៅ ដែលប្រជាជនអូស្ត្រាលីតែងតែគោរពចំពោះទ្រង់នឹងមិនបាត់បង់ឡើយ។ ប្រជាជនអាល្លឺម៉ង់កាលពីថ្ងៃព្រហស្បតិ៍ បានសម្តែងការរំលែកទុក្ខរបស់ពួកគេទៅកាន់ប្រជាជនអង់គ្លេស បន្ទាប់ពីការយាងសោយព្រះពិរាល័យរបស់ព្រះមហាក្សត្រី ElizabethII ក្នុងព្រះជន្ម ៩៦ព្រះវស្សា។ ប្រធានាធិបតីអាល្លឺម៉ង់លោក Frank-Walter Steinmeier បានគោរពវិញ្ញាណក្ខន្ធដល់ម្ចាស់ក្សត្រីដែលយាងសោយព្រះពិរាល័យ ដោយថ្លែងថា ប្រជាជនអាល្លឺម៉ង់រាប់លាននាក់ ថ្ងៃនេះពិតជាមានអារម្មណ៍សោកសៅជាមួយប្រជាជនចក្រភពអង់គ្លេស៕
អត្ថបទ៖ ប៊ុនថន