វាយកូនបាល់៖ កីឡាការិនីវាយកូនបាល់ទុយនេស៊ី Ons Jabeur បានពន្លាតជ័យជំនះផ្ទួនៗរបស់ខ្លួនក្រោយយកឈ្នះកីឡាការិនីបារាំង Caroline Garcia ឡើងវគ្គផ្តាច់ព្រ័ត្រ US Open និងជាការឡើងវគ្គផ្តាច់ព្រ័ត្រ Grand Slam លើកទី២ ក្នុងឆ្នាំនេះ។

កីឡាការិនីបារាំង Caroline Garcia ឡើងមកកាន់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ US Open នេះដោយជ័យជំនះទាំងអស់របស់ខ្លួនមិនចាញ់មួយសិតណាឡើយ តែ Ons Jabeur បានយកឈ្នះសិតដំបូង ៦-១ ត្រឹម ២៣នាទីដែលរួមមានការវាយចេញសេវាបានពិន្ទុ ៦លើក និងវាយឈ្នះពិន្ទុ ១១លើក។ ឈានចូលសិតទីពីរ Ons Jabeur ក៏មិនបង្អង់ដៃដោយបន្តយកឈ្នះ ៦-៣ ទៀតដើម្បីឡើងវគ្គផ្តាច់ព្រ័ត្រ Grand Slam ជាលើកទី២ ក្នុងឆ្នាំនេះ។ Ons Jabeur បានក្លាយជាកីឡាការិនីអារ៉ាប់ទី១ ដែលឡើងដល់វគ្គផ្តាច់ព្រ័ត្រ Wimbledon នាពេលកន្លងមក ហើយក៏នឹងបន្តបង្កើតប្រវត្តិសាស្ត្រទៀតក្នុងការឈានឡើងវគ្គផ្តាច់ព្រ័ត្រ US Open នេះ៕
អត្ថបទ៖នាង សុភាវុធ