ប៉ៃលិន៖ រដ្ឋបាលគយប្រទេសចិន បានអនុម័តបញ្ជីរាយឈ្មោះចម្ការ និងរោងចក្រវេចខ្ចប់ផ្លែឈើក្នុងការនាំចេញទៅកាន់ប្រទេសចិន ខណៈការនាំចេញអាចនឹងធ្វើនៅចុងខែកញ្ញា ឬដើមខែតុលា។
មៀនប៉ៃលិន ឬតាង៉ែន ត្រូវបានអនុញ្ញាតឱ្យនាំចេញជាផ្លូវការទៅកាន់ប្រទេសចិន បន្ទាប់ពីរដ្ឋបាលគយប្រទេសចិនអនុម័តបញ្ជីរាយឈ្មោះចម្ការ និងរោងចក្រវេចខ្ចប់ផ្លែឈើក្នុងការនាំចេញទៅកាន់ប្រទេសចិន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតចិនប្រចាំកម្ពុជា នៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២២។
យោងតាមបញ្ជីរាយឈ្មោះចម្ការ និងរោងចក្រវេចខ្ចប់ផ្លែឈើក្នុងការនាំចេញទៅកាន់ប្រទេសចិន ដែលចេញផ្សាយដោយរដ្ឋបាលគយប្រទេសចិន បានឱ្យដឹងថា ក្នុងបញ្ជីរាយឈ្មោះខាងលើបានបន្ថែមឈ្មោះចម្ការ និងរោងចក្រវេចខ្ចប់ផ្លែមៀនកម្ពុជា ដែលត្រូវបានអនុញ្ញាតឱ្យនាំចេញទៅកាន់ប្រទេសចិនហើយ មានន័យថា ដំណាំមៀនកម្ពុជាបានបញ្ចប់នីតិវិធីទាំងស្រុងក្នុងការនាំចេញទៅកាន់ប្រទេសចិន និងអាចនាំចេញទៅទីផ្សារចិនបាន។
ស្ថានទូតចិនប្រចាំកម្ពុជា បានបញ្ជាក់បន្ថែមថា ចម្ការផ្លែឈើដែលបានចុះបញ្ជីចំនួន ៧៤កន្លែង និងរោងចក្រវេចខ្ចប់ចំនួន ០៨កន្លែង ត្រូវបានអនុញ្ញាតដោយភាគីចិន ក្នុងការនាំចេញផ្លែមៀនទៅកាន់ប្រទេសចិន។ លើសពីនេះ ចម្ការដំណាំស្វាយចំនួន ៧៥កន្លែង និងរោងចក្រវេចខ្ចប់ដំណាំស្វាយចំនួន ០២កន្លែងផ្សេងទៀត ក៏ត្រូវបានបន្ថែមផងដែរ។
ឯកឧត្តម ងិន ឆាយ អគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ការនាំចេញផ្លែមៀន ទៅកាន់ប្រទេសចិន អាចនឹងត្រូវធ្វើឡើងនៅចុងខែកញ្ញា ឬដើមខែតុលា។
រហូតមកដល់បច្ចុប្បន្ននេះ កម្ពុជាមានផ្លែឈើធំៗចំនួន០៣ប្រភេទហើយ ដែលអាចនាំចេញទៅកាន់ប្រទេសចិន រួមមាន ដំណាំចេក ស្វាយ និងមៀន។
ក្នុងឆ្នាំ២០២១ ដំណាំមៀននៅទូទាំងប្រទេស មានផ្ទៃដីដាំដុះសរុបចំនួន ១២ ៨៣៧ហិចតា ផ្ទៃដីប្រមូលផលមានចំនួន១០ ៥៦៥ហិចតា ដោយទទួលទិន្នផលជាមធ្យមចំនួនជាង ១២តោនក្នុងមួយហិចតា ដែលមានបរិមាណផលិផលសរុបប្រមាណ ១៣១ ៤៩៨តោន៕
អត្ថបទ៖ ជា វណ្ណៈ