ភ្នំពេញ៖ ស្ថាប័នរារដ្ឋាភិបាលចំនួនបីរួមមានក្រសួងមហាផ្ទៃ ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ និងក្រសួងបរិស្ថានបានទទួលសំណើរពីគ្រប់ភាគីជាពិសេសក្រុមជនជាតិដើមភាគតិច ដើម្បីធ្វើជាធាតុលើសេចក្តីព្រាងវិសោធនកម្មច្បាប់ចំនួនបី រួមមាន៖ ច្បាប់ជលផល ច្បាប់ព្រៃឈើ និងច្បាប់តំបន់ការពារធម្មជាតិ។
តាមការបញ្ជាក់ពីឯកឧត្តម ង៉ាន់ ចំរើន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ថ្លែងថា បច្ចុប្បន្នក្រសួងមហាផ្ទៃ បាននិងកំពុងដឹកនាំធ្វើវិសោធនកម្មច្បាប់ចំនួនបីរួមមាន៖ ច្បាប់ជលផល ច្បាប់ព្រៃ និងច្បាប់តំបន់ការពារធម្មជាតិនោះ ហើយបច្ចុប្បន្នច្បាប់នេះ បាននិងកំពុង បើកកិច្ចពិគ្រោះយោបល់នៅថ្នាក់អន្តរក្រសួងជិតចប់ហើយ ហើយបន្ទាប់ពីនេះ ក្រសួងនឹង នឹងអញ្ជើញគ្រប់ភាគីពាក់ព័ន្ធទាំងអស់ជាពិសេសក្រុមអង្គការសង្គមស៊ីវិល និងក្រុមសម្ព័ន្ធអង្គការជនជាតិភាគីនិងបណ្តាសហគមន៍នានាទៀតចូលរួមផ្តល់យោបល់ដែលជាធាតុចូលបង្កើតច្បាប់ថ្មីនេះ។
ក្រុមសម្ព័ន្ធជនជាតិភាគតិច បានដាក់សំណើរ ៨ចំណុច ជូនរាជរដ្ឋាភិបាលដើម្បីពិភាក្សាដាក់បញ្ចូលក្នុងសេចក្តីព្រាងច្បាប់វិសោធនកម្មច្បាប់តំបន់ការពារធម្មជាតិ និងច្បាប់ព្រៃឈើ។
នេះបើតាម លោកស្រី យុន ម៉ាណេ នាយិការអង្គជនជាតិដើមភាគតិចកម្ពុជា ដោយបញ្ជាក់ថា នៅក្នុងសំណើរ៨ ចំណុចនោះគឺផ្តោតជាសំខាន់លើការស្នើរាជរដ្ឋាភិបាលកុំប្តូរពាក្យ សហគមន៍ជនជាតិដើមភាគតិចទៅជាសហគមន៍មូលដ្ឋាន និងការរក្សាដីចំការប្រណេរចរ រក្សាដីព្រៃសហគមន៍ តំបន់ព្រៃអរក្ស តំបន់កប់ខ្មោច និងតំបន់ព្រៃជំនឿនានារបស់គេឲ្យនៅគង់វង្សជាដើម។
លោកស្រី យុន ម៉ាណេ ក៏ដូចបណ្តាសម្ព័ន្ធជនជាតិភាគតិចបានស្នើសុំស្ថាប័នបង្កើតអង្គភាពឯករាជ្យដើម្បីជួយដោះស្រាយបញ្ហាទំនាស់នានាដែលកើតមានក្នុងសហគមន៍ជនជាតិភាគតិចផងដែរ៕ អត្ថបទ ស៊ុម សុខជា