ភ្នំពេញ៖ នៅព្រឹកថ្ងៃទី០៩ ខែកញ្ញា នេះ គណៈរដ្ឋមន្រ្តី បានបើកកិច្ចប្រជុំពេញអង្គ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីពិភាក្សា និងឆ្លងលើរបៀបវារៈមួយចំនួនក្នុងនោះបានអនុម័ត សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍កម្ពុជា ២០២២-២០៣០ ។
សេចក្តីព្រាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍កម្ពុជា២០២២-២០៣០ ត្រូវបានចាត់ ទុកថាមានសក្ដានុពល ក្នុងការចូលរួមចំណែកដល់ការទ្រទ្រង់កំណើនសេដ្ឋកិច្ច និងការលើកកម្ពស់គុណ ភាពជីវិត របស់ប្រជាជននៅកម្ពុជា ដោយបានផ្សារភា្ជប់ជាមួយជីវភាពប្រចាំថ្ងៃ នៅទីក្រុង និងជនបទ។
វឌ្ឍនភាពនៃវិស័យផ្សេងៗ ការកើនឡើង នៃការប្រើប្រាស់សេវាអ៊ីនធឺណិត និងបណ្ដាញសង្គម ព្រមទាំងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក បានបង្កើតកាលានុវត្តភាព សម្រាប់ទីផ្សារ សេវាប្រៃសណីយ៍ ក៏ដូចជាលក្ខខណ្ឌអំណោយផលសម្រាប់ជំរុញការអភិវឌ្ឍវិស័យប្រៃសណីយ៍កម្ពុជា។ ការអភិវឌ្ឍវិស័យនេះ នៅជួបប្រទះបញ្ហាប្រឈមចម្បងៗជាច្រើន ដែលត្រូវដោះស្រាយ ក្នុងនោះវិសាលភាពនៃការផ្តល់សេវាប្រៃសណីយ៍ នៅពុំទាន់បានគ្របដណ្ដប់ទូលំទូលាយ ការអភិវឌ្ឍរបស់សហគ្រាស ប្រៃសណីយ៍កម្ពុជា និងបណ្ដាញប្រៃសណីយ៍នៅមានកម្រិតនៅឡើយ ការធ្វើអាជីវកម្មលើការផ្តល់សេវា បញ្ញើរបស់ផ្នែក ឯកជន ពុំទាន់ត្រូវបានគ្រប់គ្រងឱ្យបានពេញលេញ និងល្អប្រសើរ គួបផ្សំនឹងការខ្វះខាត ក្របខណ្ឌគោល នយោបាយ លិខិតបទដ្ឋានគតិយុត្ត ការធ្វើពិពិធកម្មសេវាយន្តការគ្រប់គ្រង យន្តការលើកកម្ពស់គុណភាពសេវា ក៏ដូចជាភាពយឺតយ៉ាវ នៃការចាប់យកបច្ចេកវិទ្យា។
ដូច្នេះការកសាងគោលនយោបាយអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ ពិតជាមានសារសំខាន់ សម្រាប់ជា ប្រទីបបង្ហាញផ្លូវលើការរៀបចំផែនការសកម្មភាពជាអាទិភាព ដើម្បីឆ្លើយតបទៅនឹងនិន្នាការវិវត្ត នៃតម្រូវការទាំងក្នុងផ្នែកសង្គម និងផ្នែកសេដ្ឋកិច្ច ស្របទៅនឹងក្របខណ្ឌអភិវឌ្ឍន៍ប្រៃសណីយ៍អន្តរជាតិ សំដៅពង្រីកវិសាលភាពសេវាប្រៃសណីយ៍ ប្រកបដោយគុណភាព ប្រសិទ្ធភាព និងចីរភាពជូនប្រជាជន។
គោលនយោបាយនេះមានចក្ខុវិស័យអភិវឌ្ឍន៍វិស័យប្រៃសណីយ៍ និងទីផ្សារសេវាប្រៃសណីយ៍ ដើម្បីបម្រើធុរកិច្ចសហគ្រាស និងប្រជាជន ប្រកបដោយប្រសិទ្ធភាព និរន្តរភាព និងនវានុវត្តន៍ សំដៅចូលរួមការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ។
គោលនយោបាយនេះ មានគោលបំណងពង្រឹង និងពង្រីកការ ផ្តល់សេវាប្រៃសណីយ៍ឱ្យបានទូលំទូលាយ ប្រកបដោយគុណភាពប្រសិទ្ធភាព ប្រសិទ្ធផល សុវត្ថិភាព និង ភាពជឿទុកចិត្ត ព្រមទាំងគាំទ្រការធ្វើពិពិធកម្មសេវាប្រៃសណីយ៍ និងការធ្វើអាជីវកម្មផ្តល់សេវាក្នុងវិស័យ ប្រៃសណីយ៍ ជាមួយនឹងការជំរុញការធ្វើទំនើបកម្ម និងប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីរួមចំណែកទ្រទ្រង់ការអភិវឌ្ឍពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងគាំទ្រដល់ពិពិធកម្មសេដ្ឋកិច្ចកម្ពុជា៕ អត្ថបទ៖ មុត សុទ្ធ



