ភ្នំពេញ ៖ លោកឧកញ៉ា ជា ធីឡាយ អគ្គនាយកស្ថាប័ន អប់រំ អ៊ិន ធី ស៊ី គ្រុប បានអះអាងថា សាលារៀនសុវណ្ណភូមិ ប្រកាន់ភ្ជាប់គោលចំហរច្បាស់លាស់ក្នុងការផ្ដល់សេវាអប់រំមួយប្រកបដោយគុណភាព ជូនដល់ក្មួយៗសិស្សានុសិស្ស។
ការថ្លែងរបស់លោកឧកញ៉ា ជា ធីឡាយ យ៉ាងដូច្នេះក្នុងពិធីសម្ពោធសាលារៀនសុវណ្ណភូមិ ទីតាំងខេត្តកំពង់ស្ពឺ, នាព្រឹកថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២២នេះ។ លោកឧកញ៉ា បានថ្លែងទៀតថា មួយរយៈកន្លងមកនេះសាលារៀនសុវណ្ណភូមិ ទទួលរងឥទ្ធិពលដ៏ខ្លាំងក្លាពីជំងឺ Covid-19 ម្ដងហើយម្ដងទៀត ក៏ពិតមែន ប៉ុន្តែសាលារៀនសុវណ្ណភូមិ នៅតែឈរដ៏រឹងមាំដោយប្រកាន់ខ្ជាប់ គោលជំហរច្បាស់លាស់ក្នុងការផ្ដល់ សេវាអប់រំ មួយប្រកបដោយគុណភាព ជូនដល់ក្មួយៗសិស្សានុសិស្ស សាលាបានយកចិត្តទុកដាក់ខ្ពស់ ទៅលើការរៀន និងបង្រៀន ទៅតាមមុខវិជ្ជាគោលដែលមាននៅក្នុងកម្មវិធីសិក្សា មិនត្រឹមតែប៉ុណ្ណោះ ក្មួយៗនៅតែទទួលបានការអប់រំមួយតាមបែបបរិបទថ្មី ដែលប្រើប្រាស់បច្ចេកវិទ្យាជាជំនួយក្នុងការសិក្សា ដូចជាការរៀនតាមអនឡាញ ការរៀនតាមបែបចម្រុះ ជាពិសេសគឺការរៀនក្នុងគន្លងជីវិតថ្មី ស្របតាម សកម្មភាពសង្គមប្រចាំថ្ងៃផងដែរ។
បើតាមលោក ឃឹម ផុន ប្រធាននាយកប្រតិបត្តិ ស្ថាប័នអប់រំ អ៊ិន ធី ស៊ី គ្រុប បានឲ្យដឹងថា សាលារៀនសុវណ្ណភូមិ ទីតាំងខេត្តកំពង់ស្ពឺ មុន និងក្រោយនៃការសម្ពោធដាក់ឲ្យដំណើរការនាពេលនេះ បើគិតទៅមានរយះពេល១ឆ្នាំ ៩ខែហើយ នឹងមានសិស្សានុសិស្សកំពុងសិក្សា ចំនួន ១៤៣៩នាក់ និងបុគ្គលិកចំនួន ៥៨នាក់ មានអគារសិក្សា ចំនួន ២៦បន្ទប់។
ដោយរៀបចំធ្វើយ៉ាងណាឲ្យសិស្សទទួលបានគុណភាពអប់រំល្អ និងគ្រោងសាងសង់បន្ទប់សិក្សាបន្ថែមពី ១៥បន្ទប់ ទៅ ២០បន្ទប់ និងរៀបចំឲ្យមានទីលានកីឡា និងបរិយាកាសស្រស់ស្អាត។ បច្ចុប្បន្ននេះ សាលារៀនសុវណ្ណភូមិ នៅទូទាំងរាជធានី-ខេត្ត មានចំនួន៣៣សាខា ក្នុងនោះ ២១សាខានៅរាជធានីភ្នំពេញ និង ១២សាខា នៅតាមបណ្តាខេត្តសំខាន់ៗ ហើយសិស្សានុសិស្សកំពុងសិក្សាមានចំនួនជាង ៤ម៉ឺននាក់ រួមនិងបុគ្គលិក លោកគ្រូ អ្នកគ្រូ អ្នកបម្រើសេវាកម្មផ្សេងៗសរុបចំនួនជាង ៣ពាន់នាក់ទូទាំងរាជធានី-ខេត្តផងដែរ៕ អត្ថបទ ៖ រដ្ឋា











