
ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលថ្លែងការកោតសរសើរដល់ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដែលបានដឹកនាំ និងសហការជាមួយក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្រសួងបរិស្ថាន អាជ្ញាធរជាតិអប្សរា ក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តសៀមរាប ដោះស្រាយផលប៉ះពាល់ ចំពោះអ្នកកាន់កាប់ដីធ្លី និងសំណង់ខុសច្បាប់ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ដើម្បីបំពេញតាមលក្ខខណ្ឌ នៃការបន្ដរក្សាលក្ខណសម្បត្តិ របស់តំបន់រមណីយដ្ឋានអង្គរជាបេតិកភណ្ឌពិភពលោក
សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យក្រសួងស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលខេត្តសៀមរាប រៀបចំអភិវឌ្ឍតំបន់រុនតាឯក ទៅជាភូមិធម្មជាតិរុនតាឯក ដែលជាទីតាំងបន្ដមរតកពីសម្ដេចវិបុលបញ្ញា សុខ អាន ឱ្យក្លាយជាទីក្រុងរណបថ្មីសម្រាប់ការផ្លាស់ទីលំនៅរបស់ប្រជាពលរដ្ឋ ដែលបានស្ម័គ្រចិត្តរុះរើសំណង់ខុសច្បាប់ ក្នុងតំបន់រមណីយដ្ឋានអង្គរ និងតំបន់ដទៃទៀត ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាដោយរៀបចំកសាងឱ្យមានហេដ្ឋារចនាសម្ព័ន្ធរូបវន្តសំខាន់ៗ រួមមាន៖ ផ្លូវលំ សាលារៀន មន្ទីរពេទ្យសេវាទឹកស្អាត និងអគ្គិសនី ជាដើម៕







