អ៊ុយក្រែន៖ ខណៈប្រទេសនានាមើលឃើញពីផលប៉ះពាល់ នៃអាវុធរបស់សហរដ្ឋអាមេរិកនៅក្នុងសង្គ្រាមនៅអ៊ុយក្រែន មន្ទីរបញ្ចកោណកំពុងទទួលបានសំណើកាន់តែច្រើន រួមទាំងប្រព័ន្ធបាញ់គ្រាប់រុក្កែតចម្រុះបច្ចេកវិទ្យាខ្ពស់ ដែលកងកម្លាំងអ៊ុយក្រែនបានប្រើប្រាស់ដោយជោគជ័យទៅលើឃ្លាំងគ្រាប់រំសេវ និងសម្ភារៈផ្គត់ផ្គង់ផ្សេងទៀតរបស់រុស្ស៊ី។

លោក Bill LaPlante អនុរដ្ឋមន្ត្រីទទួលបន្ទុកសំណើបានប្រាប់អ្នកយកព័ត៌មានថា មន្ទីរបញ្ចកោណបាននឹងកំពុងធ្វើការជាមួយឧស្សាហកម្មការពារជាតិ ដើម្បីបង្កើនខ្សែផលិតកម្មក្នុងការបំពេញតម្រូវការទាំងសហរដ្ឋអាមេរិក និងអន្តរជាតិសម្រាប់អាវុធជាក់លាក់។ លោកនិយាយថា ប្រទេសមួយចំនួនបានចាប់ផ្តើមសួរអំពីការទិញប្រព័ន្ធគ្រាប់រ៉ុក្កែតចល័តសមត្ថភាពខ្ពស់ ឬ HIMARS។ លោកនិយាយថា សហរដ្ឋអាមេរិកត្រូវតែជំនួសប្រព័ន្ធ HIMARS ដែលខ្លួនបានបញ្ជូនទៅឲ្យប្រទេសអ៊ុយក្រែន ក្នុងតម្លៃតាមផែនការរហូតមកដល់ពេលនេះមានប្រហែល 33លានដុល្លារ ប៉ុន្តែក៏នឹងមានតម្រូវការនាពេលអនាគតសម្រាប់ការលក់នៅបរទេស។
យោងតាមមន្ទីរបញ្ចកោណបានឲ្យដឹងថា ក្រសួងការពារជាតិកំពុងធ្វើការរួចហើយដើម្បីជំនួសសព្វាវុធ និងយុទ្ធោបករណ៍មានតម្លៃប្រហែល 7ពាន់លានដុល្លារដែលត្រូវបានយកចេញពីឃ្លាំង ដូច្នេះវាអាចត្រូវបានបញ្ជូនទៅឲ្យអ៊ុយក្រែនយ៉ាងឆាប់រហ័ស។ ក្នុងចំណោមនោះប្រហែល 1.2ពាន់លានដុល្លារត្រូវបានចុះកិច្ចសន្យារួចហើយ។ សភាបានផ្តល់ប្រាក់សរុបចំនួន 12.5ពាន់លានដុល្លារសម្រាប់ការជំនួសបែបនេះរហូតមកដល់ពេលនេះ ព្រមទាំង 6ពាន់លានដុល្លារផ្សេងទៀតដើម្បីទិញអាវុធ និងយុទ្ធោបករណ៍ដោយផ្ទាល់ពីឧស្សាហកម្មដើម្បីបញ្ជូនទៅឲ្យអ៊ុយក្រែន។ ថវិកាមួយចំនួននឹងត្រូវចំណាយ ដើម្បីវិនិយោគលើមូលដ្ឋានឧស្សាហកម្មការពារជាតិ ដូច្នេះក្រុមហ៊ុននានាអាចពង្រីក ឬបង្កើនល្បឿនផលិតកម្មរបស់ពួកគេ៕
អត្ថបទ៖ ប៊ុនថន