
ភ្នំពេញ: ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងជាប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានអញ្ជើញជួបសំណេះសំណាល និងថ្លែងអំណរគុណថ្នាក់ដឹកនាំ សមាជិក សមាជិកាក្រុមការងារគ្រូពេទ្យស័្មគ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី នៅសាលមហោស្រពកោះពេជ្រ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ ដោយមានការចូលរួមពីសមាជិក សមាជិកា គ្រូពេទ្យស័្មគ្រចិត្តដែលអញ្ជើញមកពីបណ្តារាជធានី-ខេត្តទាំង២៥ សរុបប្រមាណ២៣០០នាក់។
ឯកឧត្តម លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានឱ្យដឹងថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី បង្កើតឡើងក្នុងគោលបំណងចូលរួមចំណែកក្នុងការងារមនុស្សធម៌ និងកិច្ចការសង្គមផ្សេងៗ ប្រមូលផ្ដុំ អប់រំ និងអូសទាញយុវជនឱ្យងាកមកគាំទ្រនូវសកម្មភាពល្អៗ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក៏ដូចជាសកម្មភាពការងាររបស់សហភាពសហព័ន្ធយុវជនកម្ពុជា។ ក្ដាប់ជាប់ និងវាយបករាល់សកម្មភាពបំភ្លៃដែលខុសពីការពិត។ បង្ហាញឲ្យមហាជនមើលឃើញកាន់តែច្បាស់ថា គោលជំហររបស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ក្រោមការដឹកនាំចង្អុលបង្ហាញដោយផ្ទាល់របស់ឯកឧត្តម ហ៊ុន ម៉ានី មិនដែលទុកឲ្យបងប្អូន ប្រជាពលរដ្ឋ ក្មេង ចាស់ ប្រុស ស្រី ឲ្យហែលឆ្លងការលំបាក ឬមហន្តរាយទាំងឡាយតែឯងឡើយ គឺស្របនឹងគោលការណ៍ដែលបងប្រធាន បានបង្កើតឡើង «យើងនឹងឆ្លងផុតគ្រាលំបាកនេះជាមួយគ្នា»។
ចូលរួមបំផុសចលនាក្នុងជួរយុវជន និងប្រមូលផ្តុំកម្លាំង ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ដើម្បីពិនិត្យ ពិគ្រោះ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ សំដៅលើកកម្ពស់សុខុមាលភាពប្រជាពលរដ្ឋ និងចូលរួមចំណែកកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋផងដែរ។
ឯកឧត្តម លេង ផាលី បានបន្ថែមទៀតថា ក្នុងបរិបទដែលជំងឺកូវីដ-១៩ មានការឆ្លងរាតត្បាតនៅប្រទេសកម្ពុជា ក៏ដូចនៅលើសកលលោក។
ហើយវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ជាកត្តាកំណត់ចាំបាច់បំផុត ក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺនេះ និងដោយទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រី្តនៃព្រះរាជាណាចក្រកម្ពុជា ក្រោមការដឹកនាំចង្អុលបង្ហាញពី ឯកឧត្តម ហ៊ុន ម៉ានី គឺក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ត្រូវបានគណៈកម្មាការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ជ្រើសរើសឲ្យចូលរួមក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដោយចេញលិខិតឧទ្ទេសនាម ឲ្យបំពេញបេសកកម្មជាបន្តបន្ទាប់ ហើយជាការឆ្លើយតប ក្រុមការងារ បានបញ្ជូនបញ្ជីឈ្មោះគ្រូពេទ្យសរុបចំនួន១២៥៨នាក់ បែងចែកជា១០៤ក្រុម ស្មើនឹង ១០៤០នាក់ ក្រុមចល័ត១៥៧នាក់ ជំនួយការសម្របសម្រួល៥៣នាក់ និងថ្នាក់ដឹកនាំសម្របសម្រួលចំនួន១៨នាក់ ឱ្យចុះបំពេញបេសកកម្មជាបន្តបន្ទាប់ ដោយមានកិច្ចសហការពីផ្នែកពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់។
បច្ចុប្បន្ននេះក្រុមការងារចំនួន ៣៣៤២នាក់បន្ថែមទៀត កំពុងចូលរួមយុទ្ធនាការចាក់វ៉ាកសាំងកូវីដ-១៩ និងព្យាបាលអ្នកជំងឺកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស ដោយឥតគិតថ្លៃ និងឥតគិតថវិកាបេសកកម្ម ក្នុង២៥រាជធានី-ខេត្ត។
ចាប់ពីខែមីនា ឆ្នាំ២០២១ រហូតមកដល់ពេលនេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចំនួន ៤,៦០១នាក់ បានចុះបេសកកម្មក្នុងក្របខណ្ឌទូទាំងប្រទេស ដោយចាក់វ៉ាក់សាំងជូនប្រជាពលរដ្ឋបានប្រមាណ ៩លាន ៦០ម៉ឺន៤ពាន់៤២៦ដូស។
ឯកឧត្តម លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានបញ្ជាក់ថា ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ទាំងអស់ នឹងខិតខំព្យាយាមបន្តផ្តល់សេវាសុខភាពជារៀងរាល់ខែ ជូនប្រជាពលរដ្ឋ នៅតាមបណ្តាមូលដ្ឋានផ្សេងៗ និងនៅតាមតំបន់ដាច់ស្រយាល តាមខ្នងផ្ទះ ឱ្យកាន់តែប្រសើរឡើង ដើម្បីចូលរួមចំណែកក្នុងការលើកកម្ពស់សុខុមាលភាពប្រជាជន និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋកម្ពុជា ស្របទៅតាមគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពរបស់រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា។
ទន្ទឹមនឹងនោះ ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តគ្រប់ៗរូប គឺជាវីរៈបុរសជួរមុខ ដែលបានដាក់ប្រយោជន៍បុគ្គលដោយឡែក មករួបរួមគ្នា ដើម្បីបុព្វហេតុឧដុង្គឧត្តមសម្រាប់ប្រជាជន និងសង្គមជាតិ។
ឯកឧត្តម ប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ក៏បានធ្វើការវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះក្រុមការងារគ្រូពេទ្យស័្មគ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ដែលបានប្រឹងប្រែង លះបង់ពេលវេលា និងប្តេជ្ញាទាំងកម្លាំងកាយ និងកម្លាំងចិត្ត ក្នុងការបំពេញភារកិច្ច ស្របតាមបេសកកម្មរបស់ខ្លួន ជាពិសេសក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩។
ឯកឧត្តម ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ថា ភាពជោគជ័យ និងការទទួលបានស្នាដៃល្អៗ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត បានចូលរួមជាមួយរាជរដ្ឋាភិបាលបានឆ្លុះបញ្ចាំងឲ្យឃើញកាន់តែច្បាស់ពីការយកចិត្ត ទុកដាក់ និងថែរក្សាសុខភាពប្រជាពលរដ្ឋ ហើយការសម្រេចបានជោគជ័យលើជំងឹកូវីដ១៩ នេះហើយ បានឈានទៅដល់ការបើកដំណើរការសេដ្ឋកិច្ចឡើងវិញនៅទូទាំងប្រទេស ។
សូមបញ្ជាកផងដែរថា ពិធីសំណេះសំណាលនាព្រឹកនេះ ឯកឧត្តម ហ៊ុន ម៉ានី បានរៀបចំប្រគល់ pin វីរៈបុរសជួរមុខ ជូនដល់តំណាងក្រុមការងារគ្រូពេទ្យឯកឧត្តម ហ៊ុន ម៉ានី ចំនួន៣០រូបផងដែរ៕ អត្ថបទ រដ្ឋា



