វាយកូនឃ្លីលើតុ៖ ឯកឧត្តមនាយឧត្តមសេនីយ៍ គៀត ច័ន្ទថារិទ្ធ ប្រធានសហព័ន្ធកីឡាវាយកូនឃ្លីលើតុកម្ពុជាបានផ្ដាំផ្ញើ និងក្រើនរំលឹកដល់កីឡាករ-កីឡាការិនីជម្រើសជាតិរបស់ខ្លួនត្រូវចេះក្ដោបឱកាស អំឡុងពេលចេញទៅហ្វឹកហាត់នៅសាធារណរដ្ឋប្រជាមានិតចិននាពេលឆាប់ៗខាងមុខ ដើម្បីសម្រួចសមត្ថភាពឆ្ពោះទៅប្រជែងមេដាយស៊ីហ្គេមឆ្នាំ២០២៣ ក្នុងនាមកម្ពុជាជាម្ចាស់ផ្ទះ។
ការផ្ដាំផ្ញើនេះធ្វើឡើងក្នុងឱកាសឯកឧត្តមប្រធានសហព័ន្ធ បានជួបសំណេះសំណាលជាមួយប្រតិភូ និងកីឡាករ-កីឡាការិនីជម្រើសជាតិរបស់ខ្លួន ១០រូបកាលពីថ្ងៃទី១១ ខែកញ្ញាម្សិលមិញដែលត្រៀមចេញទៅហ្វឹកហាត់នៅចិន ជាមួយអត្តពលិកកីឡាកម្ពុជា ១១ប្រភេទកីឡាផ្សេងទៀត ក្រោមជំនួយឥតសំណងរបស់រាជរដ្ឋាភិបាលចិនដល់ក្រុមកីឡាករ-កីឡាការិនីកម្ពុជា។ ប្រមុខសហព័ន្ធដដែលបានគូសបញ្ជាក់ថា គោលដៅទៅហ្វឹកហាត់រយៈពេលវែងនៅចិននេះគឺដើម្បីបង្កើនសមត្ថភាព ហើយពេលត្រឡប់មកវិញគឺមានសមត្ថភាពគ្រប់គ្រាន់ ដើម្បីចូលរួមប្រកួតប្រជែងក្នុងព្រឹត្តិការណ៍ស៊ីហ្គេមឆ្នាំ២០២២ ដែលទាំងអស់គ្នាចង់ឈ្នះមេដាយមាសឲ្យបានច្រើនក្នុងនាមម្ចាស់ផ្ទះ ក៏ដូចជាត្រៀមការប្រកួតកម្រិតថ្នាក់ជាតិ និងអន្ដរជាតិផ្សេងៗទៀត។
តាមរយៈនេះ ឯកឧត្តម គៀត ច័ន្ទថារិទ្ធ បានជំរុញដល់គ្រូដែលត្រូវអមដំណើរ ពិសេសកីឡាករ-កីឡការិនីដែលមានឱកាសបំពេញបេសកកម្មបោះជុំរុំហ្វឹកហាត់នៅចិននេះ ត្រូវក្ដោបឱកាសនេះឲ្យជាប់ដើម្បីសិក្សាស្វែងយល់ ទាំងទ្រឹស្ដី បច្ចេកទេស និងកម្មវិធីផ្សេងៗ ដើម្បីជាក្ដីសង្ឃឹមសម្រាប់សហព័ន្ធ ក្នុងការប្រកួតប្រជែងដណ្ដើមមេដាយ និងឧត្តមភាពជាតិជូនប្រទេសជាតិនាពេលខាងមុខ។ បន្ថែមលើនេះ ក្នុងនាមប្រធានសហព័ន្ធ ឯកឧត្តមបានប្រាប់កីឡាករ-កីឡាការិនីក្នុងនាមអត្តពលិកតំណាងជាតិ ត្រូវប្រកាន់ភ្ជាប់ឲ្យបាននូវវិន័យ និងក្របសីលធម៌ដែលជាសេចក្ដីថ្លៃថ្នូរ និងកិត្តិយសជាតិ ចាំបាច់ត្រូវប្រកាន់ភ្ជាប់ឲ្យបានខ្ជាប់ខ្ជួននូវទំនាក់ទំនងល្អជាមួយមិត្តភ័ក្ដ្រ និងគ្រូបង្វឹកអំឡុងពេលស្នាក់នៅ និងហ្វឹកហាត់រយៈពេលប្រមាណ ៨ខែនៅចិន។
លោក ស៊ុន សុទ្ធារិទ្ធ អគ្គលេខាធិការសហព័ន្ធបានឲ្យដឹងថា ប្រតិភូ និងកីឡាករ-កីឡាការិនីដែលសហព័ន្ធនឹងបញ្ជូនទៅហ្វឹកហាត់នៅចិន តាមរយៈគណៈកម្មាធិការជាតិ CAMSOC រួមមានលោក អ៊ិន មីឌី ជាគ្រូជំនួយជម្រើសជាតិ ព្រមទាំងកីឡាករ សឺង តុលា, សារៈ ស៊ូព្រីង, ប៊ុន វិសាល, យីវ សុវណ្ណបញ្ញា, កាង យូឃាង, ឃុន ប៊ុនហៀប រួមជាមួយកីឡាការិនី យិន ចាន់រតនា, បូរ ស៊ីនស៊ូ និងកីឡាការិនី ខៀវ ចិន្ដារ័ត្ន។ ក្នុងឱកាសនៃការជួបសំណេះសំណាលនោះដែរ ឯកឧត្តម គៀត ច័ន្ទថារិទ្ធ ក៏បានឧបត្ថម្ភថវិកាឧបត្ថម្ភ ទាំងគ្រូបង្វឹក និងកីឡាករ-កីឡាការិនី ១០នាក់ ក្នុងម្នាក់ៗចំនួន ៥០០ដុល្លារសម្រាប់ត្រៀមលក្ខណៈ និងដំណើរចេញទៅហ្វឹកហាត់រយៈពេលវែងនៅចិន ដែលគ្រោងចេញដំណើរនាថ្ងៃទី១៥ ខែកញ្ញាក្នុងសប្ដាហ៍នេះផងដែរ៕
អត្ថបទ៖ លី ឈុនឡា