វាយកូនបាល់៖ ជាប្រវត្តិសាស្ត្រមិនធ្លាប់មានទេសំរាប់ប្រទេសហ្វីលីពីន តែកីឡាការិនី Alexandra Eala បានបង្កើតប្រវត្តិសាស្ត្រក្លាយជាកីឡាការិនីហ្វីលីពីនទីមួយដែលឈ្នះជើងឯកវាយកូនបាល់ Grand Slam, US Open ផ្នែកយុវនារី។ មិនមែនជារឿងងាយស្រួលឡើយសំរាប់ក្មេងស្រីវ័យ ១៧ឆ្នាំដែលឈរលំដាប់ថ្នាក់លេខ ១០ ក្នុងកម្មវិធី ពោលគឺនាងបានជួបជាមួយគូប្រកួតដែលមានលំដាប់ល្អជាងតាំងពីជុំទី៣។

នៅជុំទី៣ Eala បានយកឈ្នះកីឡាការិនីលំដាប់លេខ ៨ អូស្ត្រាលី Taylah Preston, ជួបកីឡាការិនីរុស្ស៊ីលំដាប់លេខ ១៤ Mirra Andreeva នៅវគ្គ ៨នាក់ចុងក្រោយ, ជួបជាមួយកីឡាការិនីលំដាប់លេខ ៩ កាណាដា Victoria Mboko នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ មុនយកឈ្នះកីឡាការិនីលំដាប់លេខ ២ មកពីឆែក Lucie Havlickova នៅវគ្គផ្តាច់ព្រ័ត្រ។ សូមបញ្ជាក់ថា Alexandra Eala មានដើមកំណើតនៅទីក្រុង Quezon City ប្រទេសហ្វីលីពីនឆ្នាំ២០០៥។
ទេពកោសល្យរបស់នាងបានទាក់ទាញក្រុមការងារតាមដាន នៃសាលាវាយកូនបាល់របស់ Rafael Nadal នៅប្រទេសអេស្ប៉ាញ ហើយក៏បានផ្លាស់ទៅរស់នៅប្រទេសអេស្ប៉ាញតែម្តង។ ត្រឹមវ័យ ១៤ឆ្នាំ Eala បានចូលរួមការប្រកួតផ្នែកយុវនារី US Open លើកដំបូងនៅឆ្នាំ២០១៩ ឡើងបានត្រឹមជុំទី២ ហើយនៅឆ្នាំ២០២១ ឡើងដល់វគ្គ ៨នាក់ចុងក្រោយ៕
អត្ថបទ៖នាង សុភាវុធ