អ៊ុយក្រែន៖ រុស្ស៊ីបានបោះបង់ចោលបន្ទាយសំខាន់របស់ខ្លួននៅក្នុងភាគឦសានប្រទេសអ៊ុយក្រែន ជាការដួលរលំភ្លាមៗនៃខ្សែត្រៀមជួរមុខដ៏សំខាន់មួយក្នុងចំណោមខ្សែត្រៀមជាច្រើននៃសង្គ្រាមនេះ បន្ទាប់ពីកងកម្លាំងអ៊ុយក្រែនបានវាយរុលទៅមុខយ៉ាងលឿន។

ការដួលរលំយ៉ាងឆាប់រហ័សនៃទីក្រុង Izium ក្នុងខេត្ត Kharkiv គឺជាការបរាជ័យដ៏ធ្ងន់ធ្ងរបំផុតរបស់ទីក្រុង Moscow ចាប់តាំងពីកងទ័ពរបស់ខ្លួនត្រូវបានបង្ខំឲ្យត្រឡប់ក្រោយចេញពីរដ្ឋធានី Kyiv កាលពីខែមីនា។ ការបរាជ័យនេះអាចបង្ហាញពីចំណុចប្រែប្រួលភ្លាមៗក្នុងសង្គ្រាមរយៈពេល ៦ខែ ដោយទាហានរុស្ស៊ីរាប់ពាន់នាក់កំពុងបោះបង់ចោលឃ្លាំងគ្រាប់រំសេវ និងយុទ្ធោបករណ៍ ខណៈពួកគេដកថយ។ កងកម្លាំងរុស្ស៊ីបានប្រើទីក្រុង Izium ជាមូលដ្ឋានភស្តុភារ សម្រាប់យុទ្ធនាការមួយក្នុងចំណោមយុទ្ធនាការសំខាន់ៗជាច្រើនរបស់ខ្លួន ក្នុងការវាយប្រហាររយៈពេល ១ខែពីភាគខាងជើងនៅជិតតំបន់ Donbas ដែលមានតំបន់ Donetsk និង Luhansk។
ទីភ្នាក់ងារសារព័ត៌មានរដ្ឋរុស្ស៊ី TASS បានដកស្រង់សម្ដីរបស់ក្រសួងការពារជាតិរុស្ស៊ីដោយនិយាយថា ខ្លួនបានបញ្ជាឲ្យកងទ័ពចាកចេញពីតំបន់ក្បែរនោះ និងបង្កើនប្រតិបត្តិការពង្រឹងកម្លាំងនៅកន្លែងផ្សេងទៀតនៅជិតខេត្ត Donetsk។ សារព័ត៌មាន TASS បានរាយការណ៍ថា ប្រធានរដ្ឋបាលរបស់រុស្ស៊ីនៅក្នុងទីក្រុង Kharkiv បានប្រាប់ប្រជាពលរដ្ឋឲ្យចាកចេញពីខេត្តនេះ និងជម្លៀសចូលទៅប្រទេសរុស្ស៊ីដើម្បីសង្គ្រោះជីវិត៕
អត្ថបទ៖ សុខមាន