ស៊ីហ្គេម៖ ប្រតិភូក្រុមប្រឹក្សាកីឡាអាស៊ី (OCA) ៣រូបដឹកនាំដោយលោកបណ្ឌិត Takash Waku អគ្គនាយករងមជ្ឈមណ្ឌលកីឡាកម្រិតខ្ពស់ និងជាប្រធាននាយកដ្ឋានព័ត៌មាន និងទំនាក់ទំនងអន្ដរជាតិកាលពីថ្ងៃទី១១ ខែកញ្ញាបានធ្វើដំណើរមកទស្សនកិច្ចនៅកម្ពុជាដើម្បីផ្លាស់ប្ដូរបទពិសោធន៍ ពិសេសពិនិត្យនូវបញ្ហាប្រឈមមួយចំនួន ដែលខ្លួនអាចជួយកម្ពុជាបាន ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេមឆ្នាំ២០២៣ ខាងមុខ។
ដំណើរទស្សនកិច្ចរបស់មន្ដ្រីជាន់ខ្ពស់ក្រុមប្រឹក្សាកីឡាអាស៊ីនេះ បានទទួលស្វាគមន៍យ៉ាងកក់ក្ដៅពីសំណាក់លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក៏ដូចជាលោក តូ រិទ្ធីយ៉ា នាយករងវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា។ លោក ប៉ុន សុខ បានបញ្ជាក់ថា ទស្សនកិច្ចនេះមានរយៈពេល ៣ថ្ងៃដើម្បីពិនិត្យមើលមជ្ឍមណ្ឌលជាតិហ្វឹកហ្វឺនកីឡា មានកម្មវិធីហ្វឹកហាត់អ្វីខ្លះ? ហើយបញ្ហាប្រឈមអ្វីខ្លះ ដើម្បីឲ្យកម្ពុជាអាចស្នើសុំខាងវិទ្យាស្ថានកីឡាកម្រិតខ្ពស់អាស៊ីជួយទៅលើការគ្រប់គ្រងកីឡាករ-កីឡាការិនីជម្រើសរើសជាតិ ក៏ដូចជាផែនការយុទ្ធសាស្ត្ររបស់មជ្ឍមណ្ឌលក្នុងការអភិវឌ្ឍសិទ្ធផល និងគុណផលត្រៀមស៊ីហ្គេមឆ្នាំក្រោយ។ លោកបន្ថែមថា ក្រៅពីពិនិត្យមើលពីការគ្រប់គ្រងហាត់ហ្វឹកហ្វឺនអត្តពលិក និងផ្នែកបច្ចេកទេស ខាងប្រតិភូក្រុមប្រឹក្សាកីឡាអាស៊ី និងមជ្ឍមណ្ឌលជាតិហ្វឹកហ្វឺនកីឡា ក៏ជំរុញឲ្យមានការផ្តល់អ្នកជំនាញមកបើកវគ្គបណ្តុះបណ្តាលបន្ថែមផ្នែកវេជ្ជសាស្ត្រកីឡា និងវិទ្យាសាស្ត្រកីឡានៅកម្ពុជា ឬក៏បញ្ជូនមន្ត្រីទៅសិក្សានៅប្រទេសជប៉ុនទៀតផង។
ដោយឡែកលោក តូ រិទ្ធីយ៉ា បានចាត់ទុកដំណើរទស្សនកិច្ចរបស់មន្ដ្រីជាន់ខ្ពស់ នៃក្រុមប្រឹក្សាកីឡាអាស៊ីនាពេលនេះ គឺមានសារៈសំខាន់សម្រាប់កម្ពុជា ក្នុងការជួយជំរុញឲ្យរៀបចំបង្កើតសកលវិទ្យាល័យជាតិអប់រំកាយ និងកីឡាជាលក្ខណស្តង់ដារអន្តរជាតិមួយនៅក្នុងតំបន់អាស៊ាន សិក្សាលើថ្នាក់បរិញ្ញាបត្រ ជាពិសេសជួយជ្រោមជ្រែងផ្នែកបច្ចេកទេស គ្រូជំនាញ កម្មវិធីសិក្សាឲ្យស្របតាមលក្ខណស្តង់ដារ។ ក្នុងនោះក៏គ្រោងនឹងបង្កើតនាយកដ្ឋានថ្មីមួយ ដើម្បីធ្វើការស្រាវជ្រាវកីឡាកម្រិតខ្ពស់ ទៅតាមលទ្ធផលភាពដែលភាគីជប៉ុនជួយមកកម្ពុជាផងដែរ៕
អត្ថបទ៖ លី ឈុនឡា