បាល់ទាត់៖ ក្រុមបាល់ទាត់ជម្រើសជាតិយុវជនអាយុក្រោម ២០ឆ្នាំកម្ពុជានឹងចេញទៅប្រកួតជម្រុះពានរង្វាន់ជើងឯកអាស៊ីយុវជនអាយុក្រោម ២០ឆ្នាំ AFC U20 Asian Cup 2023 នៅប្រទេសតាជីគីស្ថាននាវេលាម៉ោង ១១៖៥៥នាទីយប់ ថ្ងៃទី១២ ខែកញ្ញានេះ។

តាមការគ្រោងទុកក្រុមគោព្រៃជំទង់កម្ពុជានឹងត្រូវចំណាយពេលប្រមាណជាង ១៩ម៉ោងក្នុងការធ្វើដំណើរ ពោលគឺគ្រោងទៅដល់ប្រទេសតាជីគីស្ថាននាល្ងាចថ្ងៃទី១៣ ខែកញ្ញា មុនប្រកួតបើកឆាកជាមួយក្រុមជម្រើសជាតិ U20 លីបង់ នាថ្ងៃបន្ទាប់។ គួរដឹងថា ក្រុមយុវជន U20 កម្ពុជាស្ថិតក្នុងពូល I ជាមួយក្រុមម្ចាស់ផ្ទះតាជីគីស្ថាន លីបង់ និងសិង្ហបុរី។ ចំពោះកម្មវិធីប្រកួតបន្ទាប់ពីប្រកួតបើកឆាកជាមួយលីបង់ កម្ពុជានឹងត្រូវជួបក្រុម U20 សិង្ហបុរីនាថ្ងៃទី១៦ ខែកញ្ញា និងចុងក្រោយជួបក្រុម U20 តាជីគីស្ថាននាថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២២ ខាងមុខ។

បេសកកម្មនេះដែរដឹកនាំដោយគ្រូបង្វឹកជប៉ុនលោក Koji Gyotoku គ្រូបង្វឹកក្រុមជម្រើសជាតិ U20 កម្ពុជា រួមជាមួយកីឡាករ ២៣នាក់មកពីសាលាបាល់ទាត់ជាតិបាទី ៧នាក់, ព្រៃវែង ៤នាក់, សូលទីឡូអង្គរ ៣នាក់, ភ្នំពេញក្រោន ២នាក់, វិសាខា ២នាក់, ព្រះខ័នរាជស្វាយរៀងម្នាក់, កងយោធពលខេមរភូមិម្នាក់, អង្គរថាយហ្គឺរម្នាក់, ណាហ្គាវើលដ៏ម្នាក់ និងកីឡាករអាស៊ីអឺរ៉ុបម្នាក់៕
អត្ថបទ៖ លី ឈុនឡា