អ៊ុយក្រែន៖ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានប្រារព្ធខួប ២០០ថ្ងៃចាប់តាំងពីសង្គ្រាមរបស់ប្រទេសប្រឆាំងប្រទេសរុស្ស៊ីចាប់ផ្តើម ដោយបានការគោរពដល់យោធារបស់ប្រទេសអង្គភាពសេវាសង្គ្រោះបន្ទាន់ និងអ្នកដែលកំពុងរងគ្រោះពីជម្លោះនេះ។
នៅក្នុងសុន្ទរកថាកាលពីល្ងាចថ្ងៃអាទិត្យ លោកបានអរគុណពួកគេសម្រាប់ការបំផ្លាញរថក្រោះសត្រូវចំនួន ២,០០០គ្រឿង, រថពាសដែកចំនួន ៤,៥០០គ្រឿង ប្រព័ន្ធកាំភ្លើងធំរបស់សត្រូវជាង ១,០០០គ្រឿង, យន្តហោះ ២៥០គ្រឿង, ឧទ្ធម្ភាគចក្រចំនួន ២០០គ្រឿង, យានដ្រូន ១,០០០គ្រឿង, នាវាចំនួន ១៥គ្រឿង និងទូក ព្រមទាំងយុទ្ធោបករណ៍សត្រូវរាប់ពាន់គ្រឿងផ្សេងទៀត។ លោក Zelenskyy និយាយថា លោកប្រាកដថាអ៊ុយក្រែននឹងឆ្លងកាត់ផ្លូវដ៏លំបាក ដើម្បីទទួលជ័យជម្នះ។ លោកបាននិយាយថា កងទ័ពអ៊ុយក្រែនទទួលបានជោគជ័យ ក្នុងការវាយលុកយ៉ាងរហ័សរបស់ពួកគេនៅក្នុងតំបន់ភាគឦសានប្រទេស។ សកម្មភាពរបស់ទីក្រុង Kyiv ក្នុងការដណ្តើមយកមកវិញនូវតំបន់កាន់កាប់ដោយរុស្ស៊ីនៅក្នុងទីក្រុង Kharkiv បានបង្ខំទីក្រុងមូស្គូឱ្យដកទ័ពរបស់ខ្លួនដើម្បីការពារពួកគេពីការឡោមព័ទ្ធ ដោយបន្សល់ទុកនូវអាវុធ និងគ្រាប់រំសេវជាច្រើននៅក្នុងពេលដកថយយ៉ាងប្រញាប់ប្រញាល់។
កងទ័ពអ៊ុយក្រែនកាលពីថ្ងៃអាទិត្យ បានជោគជ័យក្នុងការវាយលុកយ៉ាងរហ័សរបស់ពួកគេនៅតំបន់ភាគឦសានប្រទេស និងនៅរោងចក្រថាមពលនុយក្លេអ៊ែរនៅភាគខាងត្បូងដែលកាន់កាប់ដោយរុស្ស៊ី ដែលបានបិទទាំងស្រុងក្នុងគោលបំណងទប់ស្កាត់គ្រោះមហន្តរាយវិទ្យុសកម្ម ខណៈការប្រយុទ្ធគ្នាបានកើតឡើងនៅក្បែរនោះ។ នៅក្នុងវីដេអូចេញផ្សាយដោយកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែន នៅលើបណ្តាញសង្គមបានឲ្យដឹងថា ទាហានត្រូវបានគេឃើញឈរជាមួយនឹងទង់ជាតិអ៊ុយក្រែននៅទីក្រុង Hoptivka៕
អត្ថបទ៖ ប៊ុនថន