បាល់ទាត់៖ ការប្រកួតក្របខណ្ឌ UEFA Champion League មួយគូរវាង Glasgow Rangers ទទួលស្វាគមន៍ក្រុមភ្ញៀវអ៊ីតាលី Napoli ត្រូវលើកពេល ២៤ម៉ោងពីយប់ថ្ងៃអង្គារទៅយប់ថ្ងៃពុធវិញ នេះបើតាមសេចក្តីជូនដំណឹងរបស់ UEFA។
UEFA បានបញ្ជាក់ថា ការលើកពេលប្រកួតនេះគឺទៅតាមការស្នើសុំរបស់ភាគីម្ចាស់ផ្ទះស្កុតឡេន ជុំវិញការកាន់ទុក្ខនៃការសោយព្រះពិរាល័យម្ចាស់ក្សត្រី Elizabeth II ដែលធ្វើឱ្យមានកង្វះខាតធនធាននគរបាលការពារសុវត្ថិភាព។ UEFA ក៏បានបន្ថែមទៀតថា ការប្រកួតនៅយប់ថ្ងៃពុធនោះក៏មិនអនុញ្ញាតឱ្យមានអ្នកគាំទ្រក្រុមភ្ញៀវដែរ ហើយភាគីស្កុតឡេននឹងប៉ះប៉ូវវិញនៅជើងទី២ ទឹកដី Napoli អ្នកគាំទ្រ Rangers ក៏នឹងមិនទៅចូលរួមដូចគ្នា។ Rangers បើកឆាកប្រកួតដំបូងនៅ UCL កាលពីថ្ងៃពុធសប្តាហ៍មុនដោយចាញ់នៅទឹកដី Ajax Amsterdam ៤-០ ខណៈ Napoli យកឈ្នះក្រុមជើងឯករងឆ្នាំមុន Liverpool ៤-១៕
អត្ថបទ៖នាង សុភាវុធ